
ភ្នំពេញៈ គិតមកទល់ពេលនេះ មានរយៈពេល៣៩ឆ្នាំហើយ ដែលអភិបាលក្រុងភ្នំពេញ ត្រូវរាជរដ្ឋាភិបាលរុះរើតំណែងជាបន្តបន្ទាប់ ក្នុងនោះមានអ្នកខ្លះក៏កាន់តំណែងយូរជាងគេផងដែរ ។
ប្រជាពលរដ្ឋមួយចំនួននៅតែមានការងឿងឆ្ងល់ថា តើអភិបាលក្រុងភ្នំពេញមួយណា ដែលកាន់តំណែងយូរជាងគេ ហើយគិតមកទល់នឹងឆ្នាំ២០១៨នេះ តើមានអភិបាលក្រុងប៉ុន្មាននាក់ហើយ ដែលត្រូវផ្លាស់ប្តូរតំណែង បន្ទាប់ពីប្រទេសកម្ពុជាបញ្ចប់សង្រ្គាម។
យោងតាមឯកសារមួយសន្លឹកដែលអង្គភាពសារព័ត៌មាន CAM POST ទទួលបាននៅព្រឹកថ្ងៃទី២៧ មីនា ២០១៨នេះ បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០១៨នេះ អភិបាលក្រុងភ្នំពេញចំនួន១១រូបហើយ ត្រូវបានរុះរើតំណែង។
ឯកសារដដែលបង្ហាញទៀតថា នៅឆ្នាំ១៩៧៩-១៩៨០ រាជរដ្ឋាភិបាលបានតែងតាំងលោក ខាង សារិន ជាអភិបាលក្រុង លុះដល់ឆ្នាំ១៩៨០-១៩៨២ រដ្ឋាភិបាលបានផ្លាស់ប្តូរលោក ខាង សារិន ចេញដាក់ លោក ចាន់ វ៉ែន ជាអភិបាលក្រុងភ្នំពេញវិញម្តង ហើយនៅឆ្នាំ១៩៨២-១៩៨៥ រដ្ឋាភិបាលបានតែងតាំងលោក កែវ ចិន្តា ជាអភិបាលក្រុង ហើយនៅឆ្នាំ១៩៨៥-១៩៩០ រដ្ឋាភិបាលបានផ្ទេរតំណែងអភិបាលមកឲ្យលោក ថោង ខុន កាន់ជំនួសវិញ។
ឯកសារបន្តទៀតថា រយៈពេល២ឆ្នាំ ពោលឆ្នាំ១៩៩០-១៩៩២ លោក ហុក ឡង់ឌី ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលក្រុងភ្នំពេញ ហើយនៅឆ្នាំ១៩៩២-១៩៩៣ រដ្ឋាភិបាល ក៏បានតែងតាំងលោក ស៊ីម កា ជំនួសវិញម្តង រហូតដល់ឆ្នាំ១៩៩៨ ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋាភិបាលបានតែងតាំងលោក ឈឹម សៀលឡេង ឲ្យឡើងកាន់តំណែងជំនួស លុះដល់ឆ្នាំ១៩៩៩-២០០៣ រដ្ឋាភិបាលក៏ផ្ទេរ និងដំឡើងលោក ជា សុផារ៉ា ជាអភិបាលក្រុងភ្នំពេញវិញម្តង។ លើសពីនេះនៅឆ្នាំ២០០៣-២០១៣ រដ្ឋាភិបាលក៏បានតែងតាំងលោក កែប ជុតិមា ជាអភិបាលក្រុង លុះដល់ឆ្នាំ២០១៣-២០១៧ រដ្ឋាភិបាល ក៏បានផ្ទេរតំណែងមកឲ្យលោក ប៉ា សុជាតិវង្ស កាន់ជំនួសវិញ ប៉ុន្មានខែក្រោយមករដ្ឋាភិបាលបានផ្ទេមកឲ្យលោក ឃួង ស្រេង កាន់តំណែងមកទល់បច្ចុប្បន្ន។
ក្នុងចំណោមអភិបាលក្រុងភ្នំពេញទាំង១១រូប អភិបាលក្រុងដែលកាន់តំណែងយូរជាងគេ គឺលោក កែប ជុតិមា ដោយលោកបានឈរឈ្មោះនិងកាន់កាប់តំណែងអស់រយៈពេល១០ឆ្នាំចាប់តាំងពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣៕
