
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថ្លែងថា ដោយសារតែអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ថ្លែងជារឿយៗថា ការដោះលែងលោក ហុង សុខហួរ មានសម្ពាធពីបរទេសនោះ ដូច្នេះអតីតមន្រ្តីបក្សប្រឆាំងទាំងអស់ រួមទាំងលោក កឹម សុខា ផងនោះ ជាប់គុកបន្តទៀតទៅ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោបានថ្លែងថា មេបក្សប្រឆាំងលើកឡើងថា ដោយសារសម្ពាធពីបរទេស ទើបថា មានការដោះលែង លោក ហុង សុខហួរ ចឹងអានាក់ជាប់គុកឲ្យវាជាប់គុកទៅគ្មានថ្ងៃលើកលែងនោះទេ។
សម្តេចតេជោ បានបញ្ជាក់នៅចំពោះមុខកម្មករទៀតថា “សូម្បីតែអានាក់ជាប់គុកនៅភ្នំពេញ ដែលសុំលើកលែងទោស ក៏ត្រូវតែជាប់គុកបន្ថែមដែរ គ្មានលើកឲ្យហែងទេ ដោយសារពួកអាមេចង្រៃ វាធ្វើសកម្មភាព។ ចឹងសុំបន្តជាប់គុកតទៅទៀតទៅ ខ្លះសុំមកខ្ញុំតើ ខ្លះផ្ញើតាមទូតផង ផ្ញើតាមអ្នកនេះផង។ ឯងដោះលែង ហុង សុខហួរមួយ គេថា អាហ្នឹងសម្ពាធអន្តរជាតិ អើបើកាលណា នៅតែបន្តអាធន់ហ្នឹង អញមិនលើកលែងឲ្យអាណាទេ ប្រាប់ឲ្យហើយទៅ ហើយមិនបាច់បញ្ចូលក្នុងកម្មវិធីលើកលែងទោសទេ ព្រោះអាខ្លះអត់ទាន់ចូលសាលក្រមស្ថាពរទេ ទុកវានៅហ្នឹង ព្រោះអាមេវាព្រហើនពេក អាជាប់គុកម៉ាន់ជាប់ឲ្យគ្រប់ខែងៃទៅ”៕
