header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា (UN) លោកស្រី រ៉ូណា ស្មីត បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យស្តារលំហរសម្រាប់ប្រជាជនគ្រប់រូប អាចអនុវត្តន៍សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ ដោយគ្មានសេចក្តីភ័យខ្លាច ឬការបំភិតបំភ័យ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីរបកគំហើញបឋម នៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ របស់លោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោកស្រីបានថ្លែងថា “ខ្ញុំអំពាវនាវឡើងវិញ ដល់រដ្ឋាភិបាល ឲ្យស្តារលំហសម្រាប់ឲ្យប្រជាជនកម្ពុជា គ្រប់រូបអាចអនុវត្តន៍សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ ដោយគ្មានសេចក្តីភ័យខ្លាច ឬការបំភិតបំភ័យ។ ខ្ញុំក៏អំពាវនាវផងដែរ ឲ្យមានការពិចារណាឡើងវិញ ជាបន្ទាន់មួយទៅលើបម្រាមជាទូទៅហាមឃាត់តួអង្គនយោបាយទាំង១១៨រូបនោះ”

លោកស្រីក៏បានសម្ដែងកង្វល់ដល់រាជរដ្ឋាភិបាល ចំពោះការបន្តបិទលំហសង្គមស៊ីវិល និងការរឹតត្បិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ លក្ខខ៏ណ្ឌតម្រូវខាងនីតិវិធី គឺដើរហួសពីច្បាប់ ដែលបង្កើតឲ្យមានឧបសគ្គបន្ថែមទៀត ដល់ការងារស្របច្បាប់របស់អង្គការសង្គមស៊ីវិលនានា។ បទប្បញ្ញត្តិផ្សេងៗ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិកាន់តែកើនច្រើនឡើងជាលំដាប់។

លោកស្រីបន្ដថា បទប្បញ្ញតិ្តថ្មីៗ ក្នុងក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានការរឹតត្បិតលើសេរីភាពច្រើនថែមទៀត។ សេរីភាពទាំងនេះ អាចរឹតត្បិតទៅបាន តែក្នុងករណីមានមូលហេតុសមាមាត្រកម្រិតតិចតួចប៉ុណ្ណោះ។ រាជរដ្ឋាភិបាល និងតុលាការ ត្រូវប្រើប្រាស់ច្បាប់ជាសំអាងឲ្យមានលក្ខណៈស៊ីសង្វាក់គ្នា។

លោកស្រីថា ការរឹតត្បិតសំឡេងប្រជាពលរដ្ឋកម្ពុជា នៅទីបំផុតអាចជាការគំរាមកំហែងដល់ស្ថិរភាព ដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានធ្វើការយ៉ាងលំបាកដើម្បីកសាង។ ចំពោះសេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួប ប្រជុំដោយសន្តិវិធី ត្រូវបានការពារ និងត្រូវធ្វើឲ្យប្រសើរឡើង (ដោយមិនមែនត្រូវ រឹតត្បិតឡើយ) ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។

ដោយឡែក ការធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែមុននោះ លោកស្រីថា មិនមានភាពសមស្របទៅតាមបទដ្ឋានអន្តរជាតិ ស្តីពីសេរីភាពក្នុងការបញ្ចេញមតិ និងការរឹតត្បិត ដែលត្រូវបានអនុញ្ញាតនោះទេ។ ដូច្នេះច្បាប់ទាំងឡាយនៅកម្ពុជា មិនត្រូវបានអនុម័តស្របតាមប្រព័ន្ធតម្លាភាព ដោយបើកចំហររបស់រដ្ឋាភិបាលជានិច្ចនោះទេ។

លោកស្រី រ៉ូណា ស្មីត លើកឡើងវិញថា ច្បាប់ទាំងឡាយ ត្រូវតែបានត្រួតពិនិត្យឡើងវិញ ដោយមានការប្រុងប្រយ័ត្ន និងប្រកបដោយតម្លាភាព មុនពេលអនុម័ត ដើម្បីធានាបានភាពសមស្របជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post