header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រុសស្រី២នាក់ រងរបួសធ្ងន់ ដោយសាររថយន្តបាឡែនមួយគ្រឿងបើក ដោយបុរសពីរនាក់ បានបុកម៉ូតូស្គុបពី ហើយព្យាយាមបើករត់ទាំងមនុស្សស្រីម្នាក់ទើលើកញ្ចក់រថយន្ត ហើយ​ក្រលែងឲ្យធ្លាក់មនុស្សស្រីតាមផ្លូវ រួចបើករត់រហូតមកដល់ជិតមន្ទីរពេទ្យសម្ដេចឪបានទៅបុកតូបលក់បាយ ទើបទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៦៣កែងនិងផ្លូវ៤៥៦ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-7245 បើកដោយបុរសពីរនាក់ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូស្គុបពី ស៊េរី២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1W-8585 បើកដោយប្រុសស្រីពីរនាក់ កំពុងបើកស្របគ្នាពេញទំហឹង បណ្ដាលឲ្យបុរសរងរបួសធ្ងន់នៅនិងកន្លែង ចំណែកស្ត្រីម្នាក់បានទើលើកញ្ចក់រថយន្តខាងមុខ ភ្លាមៗអ្នកបើកបរមិនបានឈប់ទទួលខុសត្រូវនោះទេ បាន​ព្យាយាមបើករត់រហូតដល់ផ្លូវ៤១០ស្ត្រីនោះបានជ្រុះពីរថយន្ត ហើយរថយន្តបើករត់បន្តទៅទៀតរហូតដល់ផ្លូវ១៣៤បានទៅបុកតូបលក់បាយមួយកន្លែងទៀតរថយន្តទៅមុខលែងរួច។

ក្រោយពីដឹងរថយន្តទៅលែងរួចហើយ ម្ចាស់រថយន្តទាំងពីរនាក់ បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោលបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅ​ជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post