
ភ្នំពេញៈ ជនសង្ស័យ ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារមនុស្សប្រុសស្រី២នាក់ កាលពីពាក់កណ្តាលអធ្រាត្រ ម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនដល់ សាលាដំបូងរាជធានីហើយ។
ហេតុការណ៍បាញ់ប្រហារមួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ រហូតដល់ផ្ទុះការងើងឆ្ងល់ ពីសំណាក់មហាជនពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែគ្រប់គ្នាចងដឹងថា មូលហេតុអ្វីទើបបានជា មានការបាញ់ប្រហារដ៏ឃោរឃៅនេះកើតឡើង រហូតបណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់។
ជនរងគ្រោះទី១ ឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ ត្រូវចំនួន៣គ្រាប់ (ចំស្មាខាងស្តាំ២គ្រាប់ និងកំភួនដៃខាងឆ្វេង១គ្រាប់) និងជនរងគ្រោះទី២ ឈ្មោះ គង់ វិន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវ១គ្រាប់ ( ចំស្មាខាងស្តាំ )។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ខ្មាន់កាំភ្លើង បានចូលមកសារភាពកំហុសខ្លួន ដើម្បីទទួលទោសតាមច្បាប់ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ។
តាមចម្លើយសារភាពរបស់ជនដៃដល់ បានរៀបរាប់ថា រូបគេមានឈ្មោះ ប៊ុន តេង កើតឆ្នាំ១៩៨៦ មានមុខរបរជាយោធា ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ T53A ផ្លូវW23C7 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុរូបគេ ពិតជាបានបាញ់ប្រហារ លើប្រុសស្រីទាំង២នាក់នោះពិតប្រាកដមែន ដោយប្រើប្រាស់អាវុធខ្លី១ដើម ម៉ាក BERATA តែការបាញ់ប្រហារនោះ គឺព្រោះតែមានការភាន់ច្រឡំប៉ុណ្ណោះ។

ជនដៃដល់ បន្តទៀតថា រូបគេជាមួយជនរងគ្រោះទាំង២ គឺជាមនុស្សស្គាល់គ្នាប្រហែលកន្លះឆ្នាំមកហើយ តាមរយៈការផឹកស៊ីជាមួយមិត្តភក្តិតៗគ្នា។ នៅមុនថ្ងៃកើតហេតុ គឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេរួមជាមួយមិត្តភក្តិ សរុបមានគ្នា៨នាក់ បាននាំគ្នាចូលរួមផឹកស៊ីក្នុងខារ៉ាអូខេ រីវើឡែស ព្រែកលាប។ ក្នុងអំឡុងពេលផឹកស៊ី រូបខ្លួន(ជនដៃដល់) និងមិត្តភក្តិ ឈ្មោះ ប៊ី បានទាស់សម្តីគ្នា រហូតដល់រូបខ្លួន(ជនដៃដល់) បានវាយឈ្មោះ ប៊ី មួយដៃ បណ្តាលឲ្យជ្រុះអាវុធខ្លីរបស់ខ្លួន ហើយក៏ត្រូវបានមិត្តភក្តិផ្សេតទៀតជួយឃាត់។ ភ្លាមនោះឈ្មោះ ពេជ្រ សាឡន បានរើសយក អាវុធខ្លីហ៊ុចមកឲ្យខ្លួនវិញ ហើយក្រោយមកកម្មវិធីត្រូវបានបញ្ចប់ រូបខ្លួន(ជនដៃដល់) ក៏បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-6967 ជូនឈ្មោះ សម្បត្តិ និង ឈ្មោះ ប៊ី ទៅផ្ទះរៀងៗខ្លួន ។

ជនដៃដល់បន្តទៀថា លុះស្អែកឡើងថ្ងៃទី២៥ រូបខ្លួន(ជនដៃដល់) បានបាត់បង់កាំភ្លើងអស់១ ក៏ជិះរថយន្តទៅផ្ទះឈ្មោះ ពេជ្រ សាឡន ដើម្បីសួររកបង់កាំភ្លើង តែ ពេជ្រ សាឡន បានប្រាប់ថា មិនឃើញ ទើបខ្លួនគិតថា ប្រហែជាធ្លាក់នៅក្នុងបន្ទប់ខារ៉ាអូខេ ភ្លាមនោះខ្លួនក៏បើករថយន្តទៅ សួរដល់បន្ទប់ខារ៉ាអូខេ តែគេប្រាប់ថា បានឃើញមនុស្សស្រីម្នាក់យកចេញក្រៅបាត់ទៅហើយ ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញ ដើម្បីជូនប្រពន្ធ ទៅកម្មវិធីឡើងផ្ទះបងប្អូន នៅផ្សារដីហ៊ុយ។ រហូតដល់ម៉ោងប្រហែល១១យប់ថ្ងៃទី២៥ ដដែល ខ្លួនបានត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូនវិញ ខ្លួនក៏បានបើករថយន្តទៅផ្ទះ ពេជ្រ សាឡន ម្តងទៀត ក្នុងគោលបំណងទៅសួររកបង់កាំភ្លើងដែលបាត់ តែពេលទៅដល់មុខផ្ទះ ពេជ្រ សាឡន ស្រាប់តែឃើញរថយន្តម៉ាក TACOMA មួយគ្រឿង ដែលមានជនរងគ្រោះ ឈ្មោះ គង់ វិន ហៅ វ៉ែនតា ជិះជាមួយ ឈ្មោះ សិង វិន ហៅ ភ័ស្ត ឈប់ក្បែរផ្ទះ ពេជ្រ សាឡន ខ្លួនក៏អែបរថយន្តទៅឈប់ទន្ទឹមគ្នា និងចុចកញ្ចក់រថយន្តចុះដូចគ្នា ហើយខ្លួនក៏សួរទៅឈ្មោះ វ៉ែនតា ថា បានឃើញបង់កាំភ្លើងរបស់ខ្លួនឬអត់? ស្រាប់តែឈ្មោះ គង់ វិន ហៅ វ៉ែនតា មិនព្រមឆ្លើយតប និងលើកអាវឡើង ទើបខ្លួននឹកក្នុងចិត្តថា ប្រហែលគេខឹងហើយដកកាំភ្លើងបាញ់រូបខ្លួន ខ្លួនក៏ដកកាំភ្លើងខ្លីបាញ់ពួកគេមុនអស់ចំនួន៥ គ្រាប់ រួចគេចខ្លួនទៅផ្ទះតែម្តង លុះព្រឹកឡើងបានជិះតាក់ស៊ីទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បីលាក់ខ្លួនតាមព្រំដែន។ ក្រោយមក ដោយបានដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវស៊ើបអង្កេត ជាបន្តបន្ទាប់ យ៉ាងប្រកិតៗ ទើបខ្លួនសម្រេចចិត្ត ចូលមកសារភាពតែម្តង៕



