
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នេះ ទីភ្នាក់ងារព័ត៌មានរបស់ចិន ស៊ិនហួ បានចុះផ្សាយថា មានឧប្បត្តិហេតុលិចទូកដឹកក្រុមនិស្សិត ដែលក្រឡាប់នៅដែនទឹកនៃខេត្ត East Java នៅថ្ងៃអាទិត្យនេះ នាពេលនេះក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសព២នាក់ ហើយបានកំពុងបើកប្រតិបត្តិការបន្តស្វែងរក ដើម្បីជួយសង្គ្រោះអ្នកដែលបាត់ខ្លួននៅក្នុងឧប្បត្តិហេតុនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកជួយសង្គ្រោះម្នាក់។
លោក Johar Satrio អ្នកជួយសង្គ្រោះ មកពីការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៅក្នុងខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានប្រាប់ដល់សារព័ត៌មានស៊ិនហួ តាមទូរស័ព្ទថា៖ ការស្រាវជ្រាវទៅលើក្រុមនិសិ្សត ដែលកំពុងបាត់ខ្លួន នៅតែបន្តនៅថ្ងៃនេះ (ថ្ងៃអាទិត្យ)។
ដោយឡែក លោក Satrio បាននិយាយថា ទូកដឹកអ្នកដំណើរឈ្មោះ Motor Kota Baru បានដឹកក្រុមនិស្សិតចំនួន២០នាក់ ដែលពួកគេមកពីសាលា Abu Hurairah បានជួបនឹងរលកធំៗបោកបក់ខ្លាំង នៅពេលទូកបើកឆ្លងទឹកនៅជិតតំបន់ Pulau Sepekan នៃភូមិសាស្ត្រ Sumenep ក្នុងស្រុក Madura ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
