Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បន្ទាប់ពីផ្ទុះការបាញ់ប្រហារនៅតាមព្រំដែនកម្ពុជា-វៀតណាម ដោយមេប៉ុស្ដិ៍អូរលែ បាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីប៉េអឹម និងមន្ត្រីអង្គការសង្គមស៊ីវិល ស្លាប់អស់៣នាក់ ធ្វើឲ្យផ្អើលពេញប្រទេសកាលពីដើមឆ្នាំ២០១៨មកនោះ ឥឡូវនេះ មានដំណឹងថ្មីថា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលជាមេកើយ ត្រូវក្រសួងមហាផ្ទៃ ដកចេញពីតំណែង ដាក់អ្នកថ្មីជំនួសហើយ។

ចូលកាន់តំណែងបានជិត៨ខែ ពោល គឺចាប់ពីខែកក្កដា ឆ្នាំ២០១៧ រហូតមកទល់នឹងខែមីនា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរឲ្យកាន់ភារកិច្ចថ្មី មកបម្រើការងារជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ។ ដកលោកផ្កាយ២ អ៊ុក សំណាង ក្រសួងមហាផ្ទៃ មិនបង្អង់យូរឡើយ គឺដាក់លោកផ្កាយ១ ឡោ សុខា ឲ្យកាន់តំណែងជាស្នងការនគរបាលខេត្តភូមិឦសាននេះជំនួសវិញ។

ការផ្ទេរភារកិច្ចដកឲ្យលោក អ៊ុក សំណាង ទៅអង្គុយនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់កើតមានករណីបាញ់ប្រហារបង្កឡើងដោយនាយប៉ុស្ដិ៍នគរបាលអូរលែ លោក ផល ពេញ ដែលបានបាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអង្គការសង្គមស៊ីវិល សរុប៣នាក់ ឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា លោក អ៊ុក សំណាង អតីត​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​ផ្លូវការ​នាព្រឹក​ថ្ងៃទី​១៤ ខែកក្កដា តាមរយៈ​ពិធី​ផ្លូវការក្រោម​អធិបតីភាពនាយឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អភិបាលខេត្ត លោក ស្វាយ សំ​អាង។

យោង​ប្រកាស​ចុះ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អ៊ុក សំណាង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ទៅជា​ស្នងការ​ខេត្តនគរបាលមណ្ឌលគិរី​វិញ​។ លោក​ត្រូវ​ជំនួស​តំណែង​លោក តូច យ៉ុ​ន ដែល​ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ន​គរ​បាលបច្ចេកទេស​ព្រំដែន ​នៃ​ក្រសួងមហាផ្ទៃ​។​

​ដោយឡែក ​តំណែង​របស់លោក អ៊ុក សំណាង នៅ​ខេត្តតាកែវ ត្រូវបាន​ជំនួសដោយ​លោក សុខ សំណាង ដែល​ឡើងកាន់តំណែង​ផ្លូវការ​ តាំងពី​ថ្ងៃទី​៧ ខែកក្កដា ​ឆ្នាំ​២០១៧មកនោះ​។ លោក សុខ សំណាង បាន​ផ្ទេរ​ចេញពី​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor