header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រហែសបាត់ៗ មិនថាម៉ូតូ មិនថាទ្រព្យសម្បត្តិផ្សេងៗ រហូតទ្រាំលែងបាន ទើបប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយកង្វល់ពួកគាត់។ ភ្លាមៗ សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ ដើម្បីយកមកចាត់ការតាមច្បាប់។ នេះបើយោងការផ្សាយរបស់អាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

បើតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ក្រោយពេលទទួលពាក្យបណ្តឹង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌទួលគោក មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក សៀង ហៃ ជាក្រឡាបញ្ជី និងមានការសហការពីគណៈបញ្ជាការខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលខណ្ឌស្តីទី លោកចៅសង្កាត់ទឹកល្អក់ទី១ និងលោកមេភូមិ១៦ បានចុះឆែកឆេរតំបន់ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់។

ជនសង្ស័យទាំងពីរ គឺ១-ឈ្មោះ នីន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពុំប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ១៦ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង២-ឈ្មោះ ខៀវ ដួងច័ន្ទតារា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់ផ្ទះជួលផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីបញ្ជូនជនសង្ស័យមកដល់មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ ក្នុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះ មាន ១-ឈ្មោះ ជ័យ សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះលេខ១៤៤D1 ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ២-ឈ្មោះ ចាន់ ស៊ីថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះជួល ភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង៣-ឈ្មោះ អ៊ុង សំរេច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពញ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង៥នាក់ បានសារភាពថា ១-ឈ្មោះ នីន វីរៈ ធ្លាប់កាច់កម៉ូតូ ចំនួនជិត២០លើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ ចំនួន៣លើក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ ២-ឈ្មោះ អ៊ុង សំរេច ជាចោរឆក់ផង លួចផង គាស់ផ្ទះផង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរូបគេជាមួយបក្ខពួកតែងជិះម៉ូតូចេញឆក់ជារៀងរាល់ថ្ងៃ តែបើកន្លែងណាស្ងាត់ ពួកគេនឹងចូលគាស់ផ្ទះ បើកន្លែងណាប្រហែសពួកគេចូលលួច។ ៣-ឈ្មោះ ខៀវ ដួងច័ន្ទតារា ជាបក្ខពួកជាមួយក្រុមចោរឆក់ លួច កាច់កម៉ូតូ គាស់ផ្ទះ និងជាអ្នកដោះគ្រឿងម៉ូតូ ដែលលួចបាន។ ៤-ឈ្មោះ ចាន់ ស៊ីថា ជាចោរលួចម៉ូតូផង លក់បានលុយ តែងយកទៅជក់គ្រឿងញៀនផង និង៥-ជ័យ សារឿន ជាអ្នកទទួលផលចោរកម្ម ដោយបានទិញម៉ូតូចោរក្នុងតម្លៃថោកៗ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងអាវុធហត្ថ ចាប់យកវត្ថុតាងបានមួយចំនួន រួមមាន ម៉ូតូ២គ្រឿង ម៉ាក MSX ស្លាកលេខ ភ្នំពេញ 1GN-1112 និងម៉ាក SL ស្លាកលេខ កំពត 1G-3218 ជាម៉ូតូដែលពួកចោរទាំងនេះ លួចបានមក, ដាវ២ដើម, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដបសម្រាប់ជក់ថ្នាំមួយចំនួន, ដែកអក្សរTសម្រាប់កាច់កម៉ូតូ២, កូនសោសម្រាប់ដោះគ្រឿងម៉ូតូមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាង កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post