
ភ្នំពេញៈ ស្ពានអាកាសស្តុបផ្សារដីហុយ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនចិន និងបានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក មិនសង្ឃឹមថា បានបញ្ចប់នៅមុនចូលឆ្នាំខ្មែរ២០១៨នោះទេ បើទោះបីមានការពន្យាពេលម្តងជា២ដងហើយក្តី ។
ស្ពានអាកាសស្តុបផ្សារដីហុយ មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន ប្រមាណជិត៩០%ហើយ ខណៈគ្រឿងបង្គុំសំណង់ខាងក្រោមសម្រេចបាន១០០% តែគេមិនសង្ឃឹមថា បានបញ្ចប់នៅមុនចូលឆ្នាំខ្មែរ២០១៨នោះទេ ដោយសារតែតួស្ពានទាំងមូលមិនទាន់បានភ្ជាប់អស់ផងនោះ ។

គួរបញ្ជាក់ថា ស្ពានអាកាសស្តុបផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីចុងខែសីហា២០១៦ ហើយបើតាមគម្រោងត្រូវបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែដោយមានបញ្ហាខ្លះ ក្រុមការងារបានបន្តពន្យាពេលមកឲ្យហើយនៅមុនចូលឆ្នាំខ្មែរ។ តែគេមិនសង្ឃឹមថា ការពន្យាពេលនេះ អាចទៅរួចនោះទេ ព្រោះតួស្ពានមិននឹងទាន់តភ្ជាប់អស់ផងនោះ។ បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានភាពយឺតយ៉ាវមិនបានរួចរាល់ទៅតាមគម្រោង គឺដោយសារមានបញ្ហាផលប៉ះពាល់ ពិសេស គឺបង្គោលតង់ស្យុងអគ្គិសនីកម្ពុជាមិនទាន់ដកចេញ ។

គួរបញ្ជាក់ទៀតថា ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ ដោយក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៤កន្លែង គឺស្ពានអាកាសក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ៕


