
សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃ១១ ខែមីនា ឆ្នាំ២០១៨ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ថា ពិតជាមានករណីផ្ទុះអាវុធមែន ដោយមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ នៅផ្នែកចរាចរណ៍ នៅពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួន នឹងកំពុងសាកសួរចម្លើយ ។ យ៉ាងណាលោកស្នងការ មិនបានបញ្ជាក់អំពីមូលហេតុ នៃការឈានដល់មន្ត្រីនគរបាលម្នាក់ ក្រោមឱវាទរបស់លោក មានកំហឹងផ្ទុះអាវុធ ពីមូលហេតុអ្វីឡើយ ។

គួបញ្ជាក់ថា វេលាម៉ោង៩៖២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានករណីបាញ់បោះសេរី ចំនួន២គ្រាប់ នៅផ្សារកុងតាន័រ(ស្តាតចាស់) ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បើតាមប្រភពបានដឹងថា អាចមានរហូតមកដល់ខាងជើងវត្តថ្មី ភូមិត្រពាំងសេស សង្កាត់គោកចក បានបាញ់ចំនួន៣គ្រាប់បន្ថែមទៀត ជនសង្ស័យមានឈ្មោះ តាន់ ភីរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ប៉ូលិសចរាចរណ៍ ខេត្តសៀមរាប ។ ដោយបានធ្វើសកម្មភាពបាញ់បោះសេរី ដោយជិះម៉ូតូម៉ាកស្កូពី បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួន នៅផ្ទះជនសង្ស័យ នៅភូមិឃុំខាងលើ ។ នឹងបានយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក ។
ទោះយ៉ាងណា ករណីនេះ គេអាចសន្និដ្នានជំហ៊ានដំបូងថា អាចផ្ដើមចេញពីទំនាស់ ជាមួយអាជីវករ នៅរផ្សារកុងតាន័រ៕



