Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ អតីតព្រះសង្ឃឈ្មោះ ម៉ា រី ដែលនាយករដ្ឋមន្រ្តី ចាត់ទុកថា ជាសង្ឃក្លែងក្លាយ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីប៉ូលិសខេត្តកំពត បានធ្វើការឃាត់ខ្លួនតាមបញ្ជាសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ។

ស្នងការ​នគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនានេះ ឲ្យដឹងថា អតីតសង្ឃ ម៉ា រី ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីហៅគាត់មកសាកសួរកាលពីម្សិលមិញ។ លោកថា ការចាប់ខ្លួនអតីតព្រះសង្ឃរូបនោះ មិនមែនជាការចាប់ខ្លួនទេ ពោល គឺជាការអញ្ជើញហៅគាត់មកសាកសួរប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអភិបាលខេត្តកែប លោក កែន សត្ថា ត្រូវស្រាវជ្រាវរកព្រះសង្ឃក្លែងក្លាយឈ្មោះ ម៉ា រី ដែលជាលោកសង្ឃទើបតែបួសរកឲ្យឃើញ ហើយសម្តេចថា ប៉ុន្តែប្រហែលជាមិនមែនលោកសង្ឃ ពិតប្រាកដនោះទេ ព្រោះដើរនិយាយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

សម្ដេច ហ៊ុន សែន ថា “សង្ឃឈ្មោះ ម៉ា រី ទើបតែបួស ខ្ញុំបញ្ជាឲ្យរកអាម្នាក់ហ្នឹង ផ្តាំទៅកុំនិយាយ កុំដើរចល័ត កុំនិយាយផ្តេសផ្តាស កុំធ្វើ គេដឹកនាំប្រទេស គ្មានចារកម្មនោះ នេះលោកសង្ឃពិតប្រាកដ ឬមិនពិតប្រាកដ តាមរកអាមួយហ្នឹង តាមរកអាមួយ កែន សេដ្ឋា អភិបាលខេត្តកែប លោកសង្ឃពិតប្រាកដ។ តែអានេះភូតមហាភូត ទាក់ទងទៅពីណាក៏ភូត ថា ចឹងស្អីលួចស្តាប់គេ បច្ចេកវិទ្យាគេផោម ដឹងហើយ”

សម្ដេចតេជោ អះអាងទៀតថា “គ្មានអ្នកណានៅលើលោកនេះ ហ៊ានចាប់ ហ៊ុន សែន សាកលមើលទៅ មនុស្សស្រុកខ្មែរ ពូកែភូត ខ្ញុំផ្តាំទៅអាម្នាក់ កុំឲ្យភូតច្រើនពេក ប្រយ័ត្នប្រយែង។ យើងស្គាល់លោកឯង កុំហួសហេតុពេក”

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ឯក ឆេងហួត បានប្រាប់ Cam Post ថា អតីតព្រះសង្ឃឈ្មោះ ម៉ា រី ទើបសឹកកាលពីមួយខែមុន ត្រូវប៉ូលិសខេត្តកំពត ចាប់នៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាជាសាធារណៈ ក្នុងជំនួបជាមួយកម្មករជាង១ម៉ឺននាក់ កាលពីព្រឹកថ្ងៃពុធ។

បើតាមការបញ្ជាក់ពីលោក ឯក ឆេងហួត អតីតព្រះសង្ឃឈ្មោះ ម៉ា រី កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៤ មានអាយុ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិកោះចំការ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានទៅលំនៅបច្ចុប្បន្ន ក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានឪពុកឈ្មោះ សុខ សៀន (ស្លាប់) និងម្ដាយឈ្មោះ សុខ ខាត់ (ស្លាប់)។

លោកបញ្ជាក់ទៀតថា លោក ម៉ា រី មានប្រពន្ធឈ្មោះ គង់ លាន អាយុ៦៨ឆ្នាំ បច្ចុប្បន្នបួស​ជាដូនជី ស្នាក់អាស្រ័យនៅវត្តព្រៃតាកុយ មានស្រុកកំណើត​នៅភូមិអូរដូង ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត។ លោក ម៉ា រី មានកូន៥នាក់ ស្រី៣នាក់ រួមមាន ទី១ឈ្មោះ ម៉ា អាន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរបម្រើការងារតាមផ្ទះប្រទេសថៃ ទី២ឈ្មោះ ម៉ា អេង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំជាមួយឪពុក ទី៣​ឈ្មោះ ម៉ា ទិត្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ ទី៤ឈ្មោះ ម៉ា ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទនៅខេត្តព្រះសីហនុ និងទី៥ឈ្មោះ ម៉ា ពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ។

លោកព្រះរាជអាជ្ញា បន្តខ្លឹមសារទៀតថា នៅឆ្នាំ១៩៩៣ លោក ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិ ជាមួយលោក ឈួក រីន អតីតមេខ្មែរក្រហមភ្នំវល្លិ៍។ ក្រោយមក លោក ម៉ា រី បានបួសជាព្រះសង្ឃនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅក្នុងវត្តមនោរម្យទួលសាងាំ ស្ថិតក្នុងស្រុកដំណាច់ចង្អើរ ខេត្តកែប រហូតមួយខែមុនការចាប់ខ្លួននេះ លោក ម៉ារី បានសឹកពីព្រះសង្ឃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor