
កំពង់ឆ្នាំងៈ រថយន្តធុនធំប្រភេទយីឌុប១គ្រឿង មានដឹកឈើអា ប្រភេទលេខ២ ពេញប្រៀប ត្រូវបានកម្លាំងចម្រុះកាត់ទ្រុងរថយន្ត ធ្វើការឃាត់ ខណៈដែលដឹកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនត្យរបស់សមត្ថកិច្ច។
ការឃាត់រថយន្តខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងមុខសាលាស្រុករលាប្អៀរ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1452 ដឹកឈើអា ចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅរាជធានីភ្នំពេញ។
ប្រភពបន្តថា ការឃាត់រថយន្តខាងលើនេះ គឺជាវេនប្រចាំការរបស់លោក ជួប ខ្លឹង ហើយមិនមានការរាយការណ៍ជូនប្រធានការិយាល័យចរាចរណ៍ផ្លូវគោក លោក ឈឹមសារុណ និងលោកព្រះរាជអាជ្ញាសាលាតំបូងខេត្តឲ្យដឹងនោះទេ។

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោក ឈឹម សារុណ បានឲ្យដឹងតាមទូរស័ព្ទ នៅវេលាម៉ោង៦ និង២នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះថា ពាក់ព័ន្ធនឹងការឃាត់រថយន្តដឹកឈើខាងលើនេះ លោកមិនបានដឹងថា គេឃាត់ពីស្មើណានោះទេ ព្រោះមិនមាននរណាម្នាក់រាយការណ៍ជូនលោកនោះឡើយ សូម្បីតែលោកព្រះរាជអាជ្ញា ក៏គ្មាននរណារាយការណ៍ជូនផង។ ជាមួយគ្នានោះ លោកក៏បានសួរនាំទៅលោក ជួប ខ្លឹង ដែរ តែគេបានឆ្លើយថាភ្លេច និងជាកម្ទេចឈើទៅវិញ។
លោក ឈឹម សារុណ បានឲ្យដឹងថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យយានយន្តដឹកហួសចំណុះ និងរថយន្តតកន្ទុយ ត្រូវបានគេមើលឃើញថា បាន និងកំពុងត្រួតពិនិត្យរៀងរាល់ថ្ងៃនៅចំណុចខាងលើនេះ។ តែអ្វីដែលគួឲ្យហួសចិត្តនោះ គឺការឃាត់រថយន្តធុនធំដឹកឈើពេញប្រៀបរាប់សិបម៉ោង បែរជាមន្ត្រីរូបនេះ មិនរាយការណ៍ឲ្យនរណាម្នាក់ដឹង និងឆ្លងយោបល់ទៅខាងណានោះឡើយ ខណៈស័ក្តិប៉ុនៗណាណី ស្រាប់តែឆ្លើយបែបលេងសើចថា (ភ្លេចរាយការណ៍ទៅវិញ) ឬមួយមានចេតនាឃាត់ទុកក្នុងគោលបំណងផ្សេងទៅវិញ ដោយនៅលើរថយន្តដឹកសុទ្ធតែឈើប្រភេទអា ពេញរថយន្តធុនធំយ៉ាងៗនេះ។
សូមលោកស្នងការនគរបាលខេត្ត លោក ឡុច វណ្ណារ៉ា ក៏ដូចជាលោកអភិបាលខេត្ត មេត្តាមានវិធានការណាមួយ លើនាយនគរបាលឈ្មោះ ជួប ខ្លឹង នេះ ដែលបានឃាត់រថយន្តដឹកឈើទុករាប់សិបម៉ោង មិនរាយការណ៍ជូនថ្នាក់លើ បែជាសម្ងំឲ្យឈឹង ដល់ពេលគេដឹងសួរនាំ ស្រាប់តែឆ្លើយថា ភ្លេចទៅវិញ។ លោកនគរបាលចរាចរ កន្ទេលធំបន្លំដេកហើយមែនទេ ? ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រថយន្តដឹកឈើខាងលើ មិនទាន់ត្រូវបានលោកនគរបាលចរាចរ ជួប ខ្លឹង បញ្ជូនទៅខាងណានោះទេ៕