
កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ Mio បើកឆ្លងផ្លូវ ត្រូវម៉ូតូហុងដា ឌ្រីម១២៥ បើកបុកចំពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ និងស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខហាងនំភីហ្សា ស្ថិតនៅភូមិតាខ្មៅ០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ រុន បូរី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបររត់តុ និងទី២ឈ្មោះ ជុំ រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក Mio ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU.9568 បើកបរដោយឈ្មោះ មាន ចាន់ធី ភេទប្រុស ដឹកប្រពន្ធឈ្មោះ រុន បូរី និងកូនប្រុស បានធ្វើដំណើរពីទិសដៅពីលិចទៅកើតឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌មាស ពាក់ស្លាកលេខ កណ្តាល1V.0896 បើកបរដោយឈ្មោះ ជុំ រតនៈ ភេទប្រុស ក្នុងល្បឿនលឿនពីទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តពេទ្យមួយគ្រឿង ហើយជ្រុលចង្កូត ទៅបុកម៉ូតូ Mio ចំពេញទំហឹង ធ្វើឲ្យអ្នកជិះលើម៉ូតូMio ទាំងប្តីប្រពន្ធ និងកូន ផ្លោងហោះចេញពីម៉ូតូរងរបួសស្ត្រីជាប្រពន្ធ បែកក្បាល បាក់ជើង រីឯអ្នកបើកម៉ូតូហុងដាឌ្រីម រងរបួសស្រាល។

ភ្លាមៗជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីជួយសង្គ្រោះ។ ចំណែកម៉ូតូទាំងពីរ ត្រូវនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅធ្វើការវាស់វែង និងយកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕






