
បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និងការហាមឃាត់មន្ត្រី១១៨រូបមិនឱ្យធ្វើនយោបាយ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់អតីតបក្សប្រឆាំង បានចាកចេញនៅស្នាក់នៅខាងក្រៅប្រទេស ដើម្បីរកមធ្យោបាយជួយដល់គណបក្ស ក៏ដូចជាសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា។ តួយ៉ាងដូចជាលោក សោ វ៉ាន់ដេត អតីសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី បាននិរទេសទៅប្រទេសកាណាដា។ ចង់ដឹងហេតុអ្វីបានជាគាត់សម្រេចចិត្តទៅរស់នៅបរទេស។ តាមរយៈគណនីយហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នេះ លោក សោ វ៉ាន់ដេត បានសរសេរថា៖ មូលហេតុដែលខ្ញុំត្រូវទ្រាំនៅក្រៅស្រុក!
តាមពិតទៅការរស់នៅប្រទេសកាណាដានេះ ពិតជាមានសេរីភាព ភាពថ្លៃថ្នូរ និងកិត្តិយសណាស់ តែខ្ញុំនៅតែពិបាកទ្រាំរស់នៅណាស់ ដោយហេតុអារម្មណ៍ខ្ញុំ និងឧត្តមគតិខ្ញុំ បានដក់ជាប់ជាមួយពលរដ្ឋ និងទឹកដីកំណើតរបស់យើង យ៉ាងកប់ជ្រៅបំផុតទៅហើយ។
បើខ្ញុំពិតជាពិបាកទ្រាំរស់នៅដូច្នេះមែន ចុះហេតុអ្វីមិនព្រមខាំស្មៅរស់នៅក្នុងស្រុករហូតទៅ តើខំប្រឹងចេញក្រៅស្រុកធ្វើអ្វី?។ ជាក់ស្តែង ខ្ញុំក៏ធ្លាប់បានសាកល្បងរស់នៅក្នុងស្រុកមួយរយៈដែរ តែខ្ញុំត្រូវទទួលបានផលអវិជ្ជមានដូចជា ៖
១-បាត់សេរីភាពក្នុងការដរហើរ និងសេរីភាពក្នុងការនិយាយស្តី ២-ពេលឃើញ ឬដឹងលឺថា សកម្មជន ឬថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានមានទុក្ខព្រួយ ខ្ញុំមិនអាចជួយពួកគេបាន ៣-បង្កទុកព្រួយដល់សហការី និងញាតិមិត្ត ដែលនៅជុំវិញខ្លួន ដោយត្រូវមន្ត្រីគណបក្សកាន់អំណាចចោទថា ជាមេ"ឧន្ទាម" ៤-បាត់បង់របររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងសកម្មភាពទំនាក់ទំនងសង្គមផ្សេងទៀត ៥-ក្លាយជាគ្រឿងលំអរឲ្យគណបក្សកាន់អំណាច ដោយត្រូវបានគេទៅបកស្រាយការទូតថា "គ្មានការគំរាមកំហែង" នយោបាយទេ។
លោកក៏បានពន្យល់រឿងវិជ្ជមានវិញម្តង៖ ប៉ុន្តែនៅពេលខ្ញុំទ្រាំតស៊ូរស់នៅក្រៅស្រុកនេះ គឺផលវិជ្ជមានបី ៖ ១-មានឱកាសដើរនយោបាយការទូតបានខ្លះ ទាំងរូបភាព និងទាំងសកម្មភាពជាក់ស្តែង ២-មានឱកាសស្វែងរកកំរ៉ៃបានខ្លះ ដើម្បីយកទៅជួយដោះស្រាយសំរាលទុក្ខសកម្មជន និងថ្នាក់ដឹកនាំគណបក្សថ្នាក់មូលដ្ឋាន បានមួយអន្លើ ៣-មានឱកាសពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបានខ្លះ ទំរាំបានត្រឡប់ចូលស្រុកវិញ។


