
ភ្នំពេញៈ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយ ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ (CNRP) ដែលបានធ្វើឲ្យប៉ះពាល់ដល់ស្រ្តីជាតំណាងរាស្រ្ត និងជាក្រុមប្រឹក្សា ខេត្ត ស្រុក និងឃុំរបស់អតីតគណបក្សប្រឆាំងនេះ។
សម្ដេច ស ខេង បានថ្លែងក្នុងពិធីសំណេះសំណាល និងអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ “ស្ដ្រីរួមគ្នារក្សាសន្ដិភាពដើម្បីអភិវឌ្ឍន៍ជាតិ” នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ថា “ខ្ញុំមានការសោកស្តាយទាក់ទងនឹងព្រឹតិ្តការណ៍១៦ វិច្ឆិកា ២០១៧ ការរំលាយគណបក្សសង្រ្គោះជាតិ វាប៉ះទៅដល់ស្រ្តី កូតាស្រ្តីមកពីមូលដ្ឋាន ដែលជាក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ”។
សម្តេចថា នេះមិនមែនមកពីការមិនគោរពគោលនយោបាយយេនឌ័រទេ ប៉ុន្តែករណីនេះ អត់មានជម្រើស ព្រោះពួកគាត់មិនព្រមយកឯកសារនានា មកតតាំងនៅតុលាការ ក្រោយពីតុលាការ បានទុករយៈពេលប្រមាណជាកន្លះខែ ដើម្បីបើកសិទ្ធិដាក់ភស្តុតាង ដើម្បីតតាំងគ្នា ប៉ុន្តែពួកគាត់មិនព្រមទេ។
សូមបញ្ជាក់ថា សមាសភាពស្រ្តីនៅក្នុងជួររបស់អតីតគណបក្សសង្រ្គោះជាតិ ក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ផងដែរ មានទាំងតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស និងសកម្មជនជានារីផងដែរ៕
