Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ បុរសជនជាតិចិនម្នាក់ បានបើករថយន្ត Ford Ranger មួយគ្រឿង បោលយ៉ាងលឿនទៅផ្ដាច់ជីវិតបុរសម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៤៦១ និង៤៦២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តបង្ក បើកបរក្នុងល្បឿនលឿនពីទិសខាងលិចទៅកើត រួចបត់ទៅទិសខាងជើង។ គ្រានោះ ស្រាប់តែរថយន្តវ៉ាក់អឺម៉ូតូមួយគ្រឿង ទើបធ្វើឲ្យអ្នកបើកបររថយន្តជាន់ហ្វ្រាំបង្ខំប្រឹងគេចដែរ ប៉ុន្តែគេចមិនផុត ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូ ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។ ចំណែករថយន្តមិនអស់ល្បឿន ក៏បានរ៉េចង្កូតធ្លាក់ផ្លូវផងដែរ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តបង្កម៉ាក ហ្វត រ៉េនជ័រ (Ford Ranger) ពណ៌ទឹកមាស ពាក់ស្លាកលេខ AT17 2-0323 បើកបរដោយឈ្មោះ ឈៀន ហួយជែង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនសៀងហៃ បច្ចុប្បន្នស្នាក់នៅភូមិអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ រីឯម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B-2956 បើកបរដោយឈ្មោះ ពេជ្យ គឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុនរបរកសិករ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងតាមនីតិវិធី ហើយប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ខណៈរថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំភាគីទាំងពីរ ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor