Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ រហូតមកទល់ពេលនេះ តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនថៅកែតំណាងចែកចាយស្រាបៀរ Ganzberg ដាក់ពន្ធនាគារហើយ បន្ទាប់ពីប៉ូលិសចាប់ខ្លួនភ្លាមៗ ក្រោយប្រើអំពើហិង្សាវាយដំ និងគំរាមសម្លាប់ប្រពន្ធកូន កាលពី៣ថ្ងៃមុន។ ករណីនេះ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញដូចបទចោទ។

អ្នកនាពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុក កែវបណ្ឌិត នៅល្ងាចថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ បានប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា ថៅកែចែកចាយស្រាបៀរ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃម្សិលមិញ លោក ថែម ហ៊ាង ត្រូវបានចៅក្រមស៊ើបសួរលោក ឯក ប៉ូលីស៊ីល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នហើយ ដើម្បីបើកការស៊ើបអង្កេតបន្ត។ ការសម្រចនេះ បន្ទាប់ពីព្រះរាជអាជ្ញារង លោក សេង គីមឡាក់ បានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ ហិង្សាប្រព្រឹត្តិដោយសហព័ន្ធ និងអនីតិសង្វាសជន តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២២២ បទហិង្សាប្រព្រឹត្តិដោយសហព័ន្ធ និងអនីតិសង្វាសជន បានចែងថា អំពើហិង្សាប្រព្រឹត្តិដោយសង្វាសជន ឬអនីតិសង្វាសជន អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល។ កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តិដោយសហព័ទ្ធ ឬអនីតិសង្វាសជនរបស់ជនរងគ្រោះ។

ទោះជាយ៉ាងណា បើតាមអ្នកនាំពាក្យតុលាការខេត្តបន្ទាយជ័យ បានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវជាប្រពន្ធ បានដកពាក្យបណ្ដឹងហើយ ប៉ុន្តែតុលាការនៅតែបន្តនីតិវិធី ដោយយល់ថា ការប្រើអំពើហិង្សាលើជនរងគ្រោះជាប្រពន្ធ និងកូនរបស់ជនត្រូវចោទមានសភាពធ្ងន់ធ្ងរ។

គួរជម្រាបថា ថៅកែតំណាងចែកចាយស្រាបៀរ Ganzberg ដ៏ធំប្រចាំខេត្តចាប់ព្រំដែនកម្ពុជា-ថៃ បានបង្កើតភាពល្បីល្បាញពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានប្រើអំពើហិង្សា ដោយការវាយដំ ទាត់ធាក់ និងគំរាមសម្លាប់ប្រពន្ធកូនរបស់ខ្លួន។ ភ្លាមៗ ស្ត្រីរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ថៅកែរូបនេះ បានអំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចអន្តរាគមន៍ជួយនាងយ៉ាងបន្ទាន់ផងដែរ តាមរយៈវិដេអូឡាយតាមហ្វេសប៊ុកចេញពីក្នុងបន្ទប់ផ្ទះរបស់ខ្លួន។

ស្ត្រីម្នាក់ ដែលមានកូនពីរក្នុងបន្ទុក និយាយរៀបរាប់ទាំងទឹកភ្នែកតាមរយៈវិដេអូឡាយ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដោយក្នុងសភាពហើមខៀវភ្នែក និងបែកមាត់ រួមទាំងសម្រែកយំ ដៃកាន់កូនតូចផង បានរៀបរាប់ថា នាងឈ្មោះ សៀង សុវណ្ណារី ត្រូវជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀរ Ganzberg ប្រចាំខេត្តបន្ទាយមានជ័យ ឈ្មោះ លោក ថែម ហ៊ាង។ នាងបញ្ជាក់ថា ខ្លួនត្រូវបានប្តីប្រើអំពើហិង្សា ដោយការដាល់ ទាត់ធាក់មកលើនាង បណ្តាលឲ្យបែកមាត់ និងខៀវភ្នែករងរបួសជាទម្ងន់។

នាងបន្តថា បន្ទាប់ពីកើតអំពើហិង្សានេះ នាងបាននាំកូនរត់គេចពីប្ដី ចូលក្នុងបន្ទប់ចាក់សោជាប់ ខ្លាចក្រែងប្តីសម្លាប់នាង ហើយឡាយវិដេអូស្នើសុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជួយចែករំលែកត (share) និងរាយការណ៍ទៅសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមកផ្ទះរបស់ខ្លួន ដើម្បីជួយនាង ព្រោះនាង និងកូនមិនអាចចេញពីបន្ទាប់បានទេ ដោយខ្លាចប្តីនាងសម្លាប់ចោល។ ផ្ទះរបស់នាង ស្ថិតនៅតាមផ្លូវលេខ៣ ជាផ្ទះចែកចាយស្រាបៀរ Ganzberg ជាប់នឹងអគ្គិសនីខេត្តបន្ទាយមានជ័យ។

នាងបន្ថែមទៀតថា នាងស្រឡាញ់ប្ដីខ្លាំងណាស់ ប៉ុន្តែចុងក្រោយនេះ មិនដឹងយ៉ាងម៉េច ប្ដីនាងបានប្រើហិង្សាលើនាងដូចបាល់អ៊ីចឹង បើពុំមានអ្នកមកអន្តរាគមន៍ទេ ប្ដីនាងអាចនឹងសម្លាប់នាង និងកូនទាំងពីរចោលមិនខាន ព្រោះឥឡូវនេះ ប្ដីកំពុងគំរាមសម្លាប់។ ជាមួយគ្នា នាងបញ្ជាក់ថា បច្ចុប្បន្ន នាងកំពុងមានជំងឺមហារីក ឈាមសស៊ីឈាមក្រហម មិនគួរណាប្ដីរបស់នាង មិនអើពើ បែរជាប្រើអំពើហិង្សាមកលើនាងបែបនេះនោះទេ។

បន្ទាប់ពីស្ត្រីជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀរ Ganzberg ដ៏ធំប្រចាំខេត្តបន្ទាយមានជ័យ រងអំពើហិង្សាគំរាមសម្លាប់ពីសំណាក់ប្ដី និងឡាយវិដេអូជាសាធរណៈ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនរិះគន់យ៉ាងខ្លាំង។ មហាជនរិះគន់ថា ការប្រើអំពើហិង្សាក្នុងគ្រួសារពីសំណាក់ប្ដីរូបនេះ ជាទង្វើដែលសង្គមស្អប់ខ្ពើមបំផុត។ អ្នកខ្លះថា បើជីវភាពគ្រួសារក្រីក្រមិនថាទេ​ ប៉ុន្តែនេះ ជាថៅកែ អ្នកមានមុខមាត់មានទ្រព្យ រៀនបានខ្ពង់ខ្ពស់ បែរជាយកអំពើហិង្សាធ្វើជាដំណោះស្រាយទៅវិញ។

“ជួយពិចារណាចុះ រឿងពិតដែលគួរស្វែងយល់ទាំងអស់គ្នាក្នុងសង្គមយើង មានលុយកាក់ មិនប្រាកដថា មានក្ដីសុខ សុភមង្គលនោះទេ បើមនុស្សគ្មានធម៌ក្នុងខ្លួន ស្រលាញ់ ថ្នាក់ថ្នម ផ្អែមល្ហែម នៅពេលដែលគ្នានៅមានសម្រស់ស្រស់ស្អាត ពេលគ្នាមានកូនពីរបី ស្រលាញ់ដូចបាល់ ខ្ញុំជាបុរសដែល សូមថ្កោសទោស នឹងស្អប់ខ្ពើមបំផុត រឿងប្រើអំពើហិង្សាលើគ្រួសារ ពិសេសស្ដ្រីភេទតែម្ដង។ លក់ស្រាច្រើន ផឹកច្រើនពេក ឆ្កួតបែកគំនិត វ៉ៃប្រពន្ធកូនផ្អើលពេញហ្វេសប៊ុក។ គាត់និយាយថា មើលមុខគាត់ទៅ ប្រពន្ធថៅកែស្រា ចង់ឡូយ ចង់បានប្ដីអ្នកមាន លទ្ធផលហើមភ្នែក ហើមមុខអីចឹងឯង”។ សារមួយក្នុងចំណោមសាររបស់មហាជន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor