
ព្រះសីហនុៈ រថយន្ត HIGHLANDER ១គ្រឿង បើកខ្វះប្រុងប្រយ័ត្ន រេចង្កូតបោលបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៧-១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8553 មានទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ បានរេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសអ្នកដំណើរលើរថយន្ត ចំនួន៣នាក់ ស្រី២នាក់ អ្នករងរបួស ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ។ ចំណែកផ្ទះប្រជាពលរដ្ឋខូចខាតកម្រិតមធ្យម និងមិនបណ្ដាលឲ្យរងរបួសម្ចាស់ផ្ទះនោះទេ ។ រីឯអ្នកបើកបរ បានគេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណ ។

សមត្ថកិច្ចបញ្ជាក់ថា អ្នករងរបួសទាំង៤នាក់ ទី១-ឈ្មោះ ឈន វុទ្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង (របួសស្រាល) មានទីលំនៅភូមិកំហាល ឃុំព្រៃពាំ ស្រុកអង្គបូរី ខេត្តតាកែវ។ ទី២-ឈ្មោះ គួន សារ៉េត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ (របួសធ្ងន់) មានទីលំនៅ ភូមិកំហាល ឃុំព្រៃពាំ ស្រុកអង្គបូរី ខេត្តតាកែវ។ ទី៣-មិនទាន់ស្គាល់អត្តសញ្ញាណ (របួសធ្ងន) ទី៤-ឈ្មោះ ទេព មុន្នីរត្ន័ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ ជាងអ៊ុតសក់ (របួសស្រាល) មានទីលំនៅ ផ្សាដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្ន រថយន្តបង្កត្រូវបានប្រគល់ឲ្យប៉ូលិសចរាចរស្រុកព្រៃនប់ យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕




