
ភ្នំពេញៈ បើគ្មានអ្វីប្រែប្រួលទេ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងមានវត្តមានចូលរួមនៅក្នុងសវនាការនៅសាលាឧទ្ធរណ៍លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរូបលោកនៅម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
ការចូលរួមបង្ហាញខ្លួននៅមុខសវនារបស់លោក កឹម សុខានេះ ជាលើកទី២ហើយ បន្ទាប់ពីបានចូលរួមក្នុងសវនាសុំនៅក្រៅឃុំជាលើកដំបូង កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេសក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ ។ លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខ និងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ ពាក់ព័ន្ធករណីនេះដែរ ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា កាលពីថ្ងៃ២៦ មករា បានប្រលយនូវការព្រមានរបស់ខ្លួនក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍គ្រាដែលចៅក្រមនៅតែជជែសមិនព្រមកោះហៅ តំណាងអាមេរិកមកចូលខ្លួនបំភ្លឺ ករណីរឿងក្ដីលោក កឹម សុខា។
លោក សំ សុគង់ ដែលជាសហមេធាវីម្នាក់របស់លោក កឹម សុខា ធ្លាប់បានថ្លែងថា ក្រុមមេធាវីនឹងទុកពេលយ៉ាងយូរបំផុត១ខែ ដើម្បីឲ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺលោក គី ឫទ្ធី ដំណើរការបំពេញកិច្ចកោះហៅ តំណាងរដ្ឋាភិបាលអាមេរិកាំងមកបំភ្លឺ ក្នុងសំណុំរឿងក្បត់ជាតិរបស់អតីតមេបក្សរូបនេះ តាមសំណើរបស់ខ្លួន។
ជាការកត់សម្គាល់ ក្រោយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារឃើញថា កញ្ញា កឹម មនោវិទ្យា កូនស្រីច្បង និងក្រុមមន្ត្រីជំនិតរបស់លោក កឹម សុខា បានមានសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសដែលជាម្ចាស់ជំនួយ ដើម្បីឲ្យដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងឲ្យដោះលែងលោក កឹម សុខា ខណៈក្រុមលោក សម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ីផ្ទាល់ក៏បានបង្កើតចលនាសង្គ្រោះជាតិ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងចង់ឲ្យការបោះឆ្នោតមានវត្តមានអតីតបក្សសង្គ្រោះជាតិ។
យ៉ាងណាក្តីបើតាមបណ្តាញសង្គមហ្វេសប៊ុកភាគីកូនស្រីលោកកឹម សុខា កញ្ញាកឹម មនោវិទ្យា និងអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត និងក្រុមលោកសម រង្ស៊ី ដែលបានបង្កើតចលនាសង្គ្រោះជាតិនោះទេ។
សូមជម្រាប់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានជាប់ពន្ធនាគារជិត៧ខែមកហើយ៕





