Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះវិស័យ ព្រោះប្រទេសអាចអភិវឌ្ឍទៅបាន វាអាស្រ័យលើវិស័យអប់រំ ដែលជំរុញបង្កើតឱកាសគ្រប់បែបយ៉ាងឲ្យពលរដ្ឋ និងប្រទេសអភិវឌ្ឍទៅមុខបានលឿន។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត NIB នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត បានលើងឡើងថា ប្រទេសអាចអភិវឌ្ឍទៅបានអាស្រ័យលើវិស័យអប់រំ ហេតុនេះហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើវិស័យនេះ ប៉ុន្តែជាអកុសល្យណាស់ ដែលកម្ពុជា បានកើតសង្គ្រាម គ្រប់វិស័យត្រូវបានបំផ្លាញ រួមទាំងវិស័យអប់រំ។ លោកថា ទោះបីកម្ពុជា នៅក្រោយគេមែន តែយើងបានដើរបានលឿនជាងប្រទេសមួយចំនួនទៅហើយ នេះគឺដោយសាកត្តា សុខសន្តិភាព ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់បែបយ៉ាង តែសុខសន្តិភាព គឺត្រឹមតែបង្កើតឱកាសនោះទេ អ្វីដែលជំរុញឲ្យប្រទេសដើរទៅមុខបានលឿន គឺធនធានមនុស្ស។

លោកបន្ថែមថា “វិនិយោគវិស័យអប់រំ គឺការវិនិយោគលើអនាគត ប្រទេសយើងបានដូចពេលនេះ គឺដោយសារយើងបានវិនិយោគតាំងពីបាតដៃទទេ ដែលពេលនោះ យើងគ្មានសាលាច្រើន គ្មានសាកលវិទ្យាល័យច្រើន រហូតពេលនេះ យើងមានទូទាំងប្រទេស គឺដើម្បីក៏សាងធនធានមនុស្សបង្កើតឱកាសឲ្យប្រជាពលរដ្ឋយើងពង្រឹងខ្លួន ចាប់យកឱកាសសមត្ថភាព ឱកាសការងារ ឱកាសចំណូល ដើម្បីពង្រឹងជីវភាពរសនៅឲ្យកាន់តែរឹងមាំ ដែលនេះហើយគឺជាការពង្រឹងជាតិ ពង្រឹងជាតិ គឺពង្រឹងប្រជាពលរដ្ឋ។ ប្រទេសជាតិមួយដែលរឹងមាំ គឺប្រជាជនខ្លួនសម្បូរសប្បាយកាន់តែសម្បូរសប្បាយ ព្រោះជាមូលដ្ឋានរឹងមាំសម្រាប់អនាគតដ៏វែងឆ្ងាយរបស់យើង”

លោកបន្តទៀតថា ទន្ទឹមនឹងប្រជាពលរដ្ឋនកាន់តែមានឱកាស តែក៏ត្រូវមានការប្រកួតប្រជែង ហើយការប្រកួតប្រជែងនេះ គឺនឹងជំរុញឲ្យធនធានកាន់តែខ្លាំង ធនធានកាន់តែខ្លាំង ជាតិកាន់តែដើរលឿន ដែលនេះ គឺទាមទារឲ្យមានការអប់រំ ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោកថា មកដល់ពេលនេះ ធនធានមនុស្សរបស់យើងបានមានសមត្ថភាពខ្លាំង រហូតចេញទៅធ្វើការនៅក្រៅប្រទេស ទាំងវិស័យឯកជន និងអង្គការផ្សេងៗ ហើយធនធាននេះ នឹងយកបទពិសោធការងារខាងក្រៅប្រទេសមកជួយប្រទេសយើងវិញ។

លោកបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយ ដោយបានបណ្តុះបណ្តាលធនធានមនុស្សតាមជំនាញ ដើម្បីបង្កើតសកត្តានុពល ទាក់ទាញអ្នកវិនិយោគចូលក្នុងប្រទេសកាន់តែច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ហើយថ្ងៃក្រោយយើងនឹងមានសមត្ថភាពម្ចាស់ការលើវិស័យទាំងនោះ ហើយអាចធ្វើដោយខ្លួនឯង។ តែបើសិនជាគ្មានធនធានមនុស្សសម្រាប់ទាញទេ ច្បាស់ណាស់ គឺមិនអាចហៅអ្នកវិនិយោគទាំនោះមកបានឡើយ។ សម្រាប់មហិច្ឆតាកម្ពុជា គឺថ្ងៃក្រោយត្រូវតែមានម្ចាស់ការលើខ្លួនឯងលើការផលិតផលគ្រប់បែបយ៉ាងក្នុងកម្រិតណាមួយកាន់តែច្រើន។

លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសូមឲ្យបន្តថែរក្សាសន្តិភាព នូវអ្វីដែលយើងមានពេលនេះ ដែលជាកត្តាជំរុញជាតិឲ្យកាន់តែល្អទៅថ្ងៃអនាគត រក្សាឲ្យបាននូវសមិទ្ធផលទាំងឡាយ ដែលយើងមាននៅថ្ងៃនេះ ដើម្បីតស៊ូទាំងអស់គ្នាអភិវឌ្ឍឲ្យកាន់តែរីកចម្រើននៅថ្ងៃអនាគត ដូចដែលប្រទេសយើងធ្លាប់ជាមហានគរ។

គួរជម្រាបថា ពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាជូនដល់និស្សិតចំនួន២៦៧៥នាក់ ស្រ្ដីចំនួន១៥១៧នាក់ ក្នុងចំណោមនេះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ចំនួន៣៣នាក់ ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor