Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីពីរនាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូទៅបុករថយន្ដ ឡិចស៊ីស ដែលបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ចំពាក់កណ្ដាលរថយន្ដពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃអង្គារ​ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផែថ្ម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា រថយន្ដបង្កគ្រោះថ្នាក់ម៉ាក ឡិចស៊ីស GX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0918 ជិះដោយប្ដីប្រពន្ធពីរនាក់។ ចំណែកខាងម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ូគី ឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 1R-0309 ជិះដោយនារីពីរនាក់ រងរបួសទាំងពីរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ គេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបត់រថយន្ដត្រឡប់ក្រោយ ធ្វើឲ្យភាគីខាងម៉ូតូ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកចំពាក់កណ្ដាលរថយន្ដពេញទំហឹង ធ្វើឲ្យនារីពីរនាក់ ដែលជិះម៉ូតូរងរបួសជើង។

ក្រោយពីកើតហេតុ ភាគីខាងតំណាងម្ចាស់រថយន្ដ និងតំណាងខាងជនរងគ្រោះ បានធ្វើការសម្របសម្របគ្នា ដោយភាគីខាងរថយន្តព្រមសងថ្លៃព្យាបាលរបួសចំនួន៥០០ដុល្លារ ហើយភាគីខាងជនរងគ្រោះក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor