
ភ្នំពេញៈ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីជនរងគ្រោះ និងភ័ក្ត្រ៩នាក់ ទើបចេញពីក្លឹបកម្សាន្ត។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ចំណុចក្លឹបប្លូឡាញ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ភូ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនឆាយហួត ស្នាក់ក្រុមហ៊ុន មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ រូបគេមានគ្នា៩នាក់ ជិះម៉ូតូ៥គ្រឿង នាំគ្នាមកចូលក្លឹបប្លូឡាញ ដើម្បីរាំលេងកម្សាន្ត ខណៈដល់ម៉ោងកើតហេតុខាងលើ ពួកគេបានចេញត្រឡប់ទៅផ្ទះវិញ។ លុះជិះចេញពីក្លឹបបានបន្តិច ក៏នាំគ្នាឈប់នៅក្បែរក្លឹបនោះ ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា៩ទៅ១០នាក់ ជិះមកគៀរជនរងគ្រោះឲ្យដួល រួចបានយកខ្សែក្រវាត់វាយប្លន់យកម៉ូតូម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AB-4082 បណ្តាលឲ្យជនរងរបួសបែកមុខមាត់ ហើយជនសង្ស័យនាំគ្នាលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្តិភាព។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន១ ឲ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីចាប់ជនសង្ស័យទាំងនោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជុំវិញករណីនេះអធិការនគរបាលខណ្ឌមានជ័យ លោក តេង សុីណូ បានប្រាប់Cam Post ថា រឿងនេះមិនមែនជាករណីប្លន់ទេ ពោលជាករណីផ្សេង ហើយពេលនេះប៉ូលិសកំពុងស្រាវជ្រាវដើម្បីលាតត្រដាងការពិត ៕





