
ព្រៃវែង: ប្រជាពលរដ្ឋខ្មែររកសុីដឹកស្រូវ ដឹកចំបើង និងដឹកអាចម៌គោរតាមគោយន្តបន្តិចបន្តួចយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង បានសម្តែងនូវការមិនសប្បាយចិត្ត រឿងមន្ត្រីគ្រប់ស្ថាប័នប្រចាំការនៅមាត់ច្រកទ្វារអន្តរជាតិមួយនេះ តម្រូវឲ្យពួកគាត់បង់លុយក្នុង១គោយន្ត ចំនួន៤មុឺនដុង ស្មើនឹង៨.០០០រៀល ជាកំហិត។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រស់នៅក្នុងស្រុកពាមជរនេះ គ្មានមុខរបរអ្វីក្រៅពីធ្វើស្រូវចិញ្ចឹមជីវិតនោះទេ។ ហើយឆ្នាំមុនៗ ការប្រមូលផលបានតិច ហើយស្រូវលក់ក៏បានថោកទៀត ធ្វើឲ្យអ្នកខ្លះខាតចូលដើមក៏មាន ប៉ុន្តែមុខរបរធ្វើស្រែវាមិនទៀងទាត់ទេ ទោះបីខាត ឬចំណេញក៏ត្រូវតែធ្វើ ជៀសជាងទុកដីឲ្យនៅទំនេរចោលអត់ប្រយោជន៍ ព្រោះមុខរបរមានតែប៉ុណ្ណឹង។
ពលរដ្ឋបន្តទៀតថា ក្រោយពីប្រមូលផលស្រូវបានហើយ ពួកគាត់ក៏បានលក់ទៅឲ្យឈ្មួញចូលមកទិញដល់ដីស្រូវ និងខ្លះទៀតគាត់មានដីតិចតួចប្រមូលផលស្រូវបានតិចក៏ដឹកតាមគោយន្តយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមខ្លួនឯងក្រែងបានតម្លៃថ្លៃបន្តិចសល់ប្រាក់ខ្លះចិញ្ចឹមគ្រួសារ។
ពលរដ្ឋអ្នកសុីស្នួលដឹកស្រូវតាមគោយន្តឲ្យឈ្មួញយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរការនេះ បានត្អូញត្អែថា ពេលចូលទៅដល់មាត់ច្រកទ្វារ គឺមន្ត្រីតាមប៉ុស្តិ៍មានប៉ូលិសអន្តោប្រវេសន៍ ប៉ូលិសវរការពារព្រំដែន គយ ស្នាក់ការកាំកុងត្រូលសរុបក្នុង១គោយន្តអស់៤មុឺនដុង ស្មើ៨.០០០រៀល ដោយពួកគេប្រាប់ថា សូមលុយថ្លៃបាយទឹក។ មិនតែប៉ុណ្ណោះ សូម្បីតែពលរដ្ឋដឹកចំបើង ដឹកអាចម៌គោបន្តិចបន្តួចតាមគោយន្តយកទៅលក់នៅវៀតណាម ក៏ត្រូវបង់លុយឲ្យមន្ត្រីប្រចាំការច្រកមួយនេះដូចគ្នាដែរ ហើយបើមិនបង់លុយទេ គេមិនបើកបារ៉ាសឲ្យចូលឡើយ ជួនកាលគឺនៅណែនតាន់តាប់ស្ទះចរាចរណ៍នៅពេញមុខច្រកទ្វារនេះតែម្តង។
ដោយឡែកប្រភពព័ត៌មានពីពលរដ្ឋរស់នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ពួកគាត់ដេកមិនសូវលក់ទេ ដោយមានសម្លេងរំខានពីរថយន្តតូច ធំ មិនដឹងជាដឹកទំនិញអ្វីខ្លះនោះទេ ចូលទៅពីប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ទាំងតាមផ្លូវទឹក និងផ្លូវគោកមួយយប់ៗសឹងទល់ភ្លឺ។
ប្រភពបន្តថា មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ជូនកាលលួចបើកច្រករបៀងតាមក្រោយ បើកដៃឲ្យទំនិញ និងសត្វពាហនៈ ឬជនអន្តោប្រវេសន៍ចេញចូលដោយសេរីទៀតផង។ ហើយចំពោះរាល់ការបង់ផាកពិន័យ មិនសូវឃើញធ្វើវិក្កយបត្រ ឬលិខិតស្នាមអ្វីឡើយ។ ទង្វើលនេះដែលនាំឲ្យបាត់បង់ខាតចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ តែចំណេញប្រយោជន៍បុគ្គល ដូច្នេះសូមឲ្យថ្នាក់លើជួយពិនិត្យមើលមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិមួយនេះផង សូម្បីតែពលរដ្ឋខ្មែរដឹកកសិផលយកទៅលក់នៅប្រទេសជិតខាងបន្តិចបន្តួច ក៏ពួកគេហ៊ានយកលុយពីពលរដ្ឋយ៉ាងគឃ្លើនផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទៀតផង៕
