Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បានបើកបុកម៉ូតូ Zoomer X ពេញទំហឹង រួចអូសចូលទៅបោកផ្ទប់នៅនឹងកន្លែងលក់កូនឈើ បណ្តាលឲ្យយុវជន៣នាក់ ត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្ដង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ កើតឡើងកាលពីវេលាម៉ោង០០៖៣០នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ នៅម្ដុំកន្លែងលក់កូនឈើ អំពិល៥ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ឲ្យភ្នាក់ងារ Cam Post ដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំង៣នាក់ ជិះម៉ូតូម៉ាក Zoomer X ពណ៌ក្រហម​លាយស មិនស្គាល់ស្លាកលេខ ធ្វើដំណើរ​តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ​ 3E-0551 (បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ) បញ្ច្រាសទិសដៅចរាចរណ៍គ្នា ស្រាប់តែរេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹង រួចកិនអូសប្រហែល៥០ម៉ែត្រ ចូលកន្លែងលក់កូនឈើ បណ្តាលឲ្យយុវជនទាំង៣នាក់ ត្រូវរថយន្តកិនស្លាប់២នាក់ និងម្នាក់ទៀត ត្រូវកិនជាប់ក្រោមកង់រថយន្ត ស្លាប់យ៉ាងអាណោចអាធ័ម។ រីឯអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ បានចុះរត់គេចខ្លួនបាត់ស្រមោលឈឹង។

សមត្ថកិច្ចប្រាប់ឲ្យដឹងដែរថា សពជនរងគ្រោះទាំង៣នាក់ នៅមិនស្គាល់អត្តសញ្ញាណទេ ដែលជិះម៉ូតូ Zoomer X ពណ៌ក្រហម​លាយស មិនស្គាល់ស្លាកលេខ ត្រូវបានសមត្ថកិច្ចកំពុងជួយប្រកាសរកក្រុមគ្រួសារ និងសាច់ញាតិសិន។ បច្ចុប្បន្នសាកសពជនរងគ្រោះទាំង៣ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រកាសរកសាច់ញាតិ។

អង្គភាព​សារព័ត៌មាន Cam Post សូមចូលសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារនៃសពផង។ សូមបងប្អូនមេត្តាជួយ Share ចែករំលែកបន្ត ក្រែងមានអ្នកបាត់បងប្អូនសាច់ញាតិ៕

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំធ្វើការស្រាវជ្រាវ និងដោះស្រាយគ្នាពេលក្រោយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor