
ភ្នំពេញៈ ម្ចាស់សណ្ឋាគារ វី បានព្យាយាមលាក់បាំងសមត្ថកិច្ច ពាក់ព័ន្ធករណីបុរសជនជាតិចិនម្នាក់ លោតពីលើអគារជាន់ទី១៥ បន្ទប់លេខ១៥ នៃសណ្ឋាគារ វី។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ នៅតាមផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនជាតិចិន ដែលស្លាប់ ត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ lee Shta ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ ហើយមូលហេតុនៃការធ្វើអត្តឃាតរបស់ជនជាតិចិនរូបនេះ ដោយសារមានជម្លោះជាមួយប្រពន្ធ ដែលនិយាយតាមទូរស័ព្ទ។
ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចឲ្យដឹងថា ម្ចាស់សណ្ឋាគារ វី បានលាក់បាំងសមត្ថកិច្ច ចំពោះករណីជនជាតិចិន ដែលលោតពីលើសណ្ឋាគាររបស់ខ្លួន ដោយឆ្លើយថា មិនដឹងលោតពីអគារណាឡើយ ព្រោះនៅក្បែរនោះ មានអគារខ្ពស់ៗចំនួន៤ឯណោះ។ យ៉ាងណា រហូតអស់រយៈពេលជាង៤ម៉ោង ទើបសមត្ថកិច្ចស្រាវជ្រាវឃើញថា ពិតជាបានលោតពីសណ្ឋាគារ វី ពិតប្រាកដមែន ដោយរកឃើញនូវលិខិតឆ្លងដែនរបស់ជនរងគ្រោះ នៅបន្ទប់លេខ១៥ ជាន់ទី១៥។ សមត្ថកិច្ចបន្តទៀតថា មូលហេតុនៃការលោតសម្លាប់ខ្លួននេះ គឺមានជំម្លោះជាមួយប្រពន្ធ call មកពីប្រទេសចិន។

ប្រភពពីម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ ដែលនៅក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា ខណៈគាត់កំពុងនិយាយលេងជាមួយមិត្តភ័ក្តិនៅក្បែរនោះ បានប្រហែល៥នាទី ក៏ឮសំឡេងផាំងលាន់ដូចរន្ទះ ស្រាប់តែគាត់ងាកទៅមើល ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញមនុស្សធ្លាក់ពីលើអគារខុនដូ ចំពីលើដំបូលរ៉ឺម៉ករបស់គាត់ បណ្ដាលឲ្យគៀបមនុស្សជាប់ដាច់សាច់ដៃជើងគួរឲ្យរន្ធត់ រួចក៏ផ្អើលឆោឡោឡើងតែម្ដង។

ប្រភពពីសន្តិសុខ ដែលយាមខុនដូរខាងលើ ប្រាប់ឲ្យដឹងដែរថា បុរសបរទេសខាងលើ មិនសូវដែលឃើញមុខចេញចូលខុនដូនេះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ បែរជាឃើញធ្លាក់ចុះមកពីជាន់ទី១៥ ចំរ៉ឺម៉កម៉ូតូ ដែលចតរង់ចាំដឹកភ្ញៀវ នៅមុខខុនដូបែបហ្នឹងសោះ។

ក្រោយកើតហេតុការណ៍អត្តឃាតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវតែម្ដង។ បច្ចុប្បន្នសាកសពជនជាតិចិនខាងលើ ត្រូវបានយកទៅតម្កល់ទុក ដើម្បីរង់ចាំគ្រួសារ និងស្ថានទូតសាម៉ី មកទទួល៕






