
ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែមីនានេះ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា សមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនសង្ស័យ ដើម្បីស្វែងរកឫស្សគល់ពាក់ព័ន្ធវត្ថុតាង និងបក្ខពួក ឬអាចនិយាយបានថា ករណីប្លន់នៅខណ្ឌជ្រោយចង្វារ កាលពីចុងខែកុម្ភៈកន្លងទៅ បន្ទាប់ពីសមត្ថកិច្ចចាប់បានជនសង្ស័យកាលពីព្រឹកមិញ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ លោក សេង ឈៀង ឲ្យដឹងមុននេះថា ព្រឹកមិញ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅខណ្ឌបន្តិច ហើយក៏បញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្ដង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
បន្ទាប់មានករណីប្លន់ហាងកាហ្វេ Wring ផ្អើលអស់ទឹកដីខណ្ឌជ្រោយចង្វារ កាលពីចុងខែកុម្ភៈថ្មីៗនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចក្នុងក្រុង បើកប្រតិបត្តិការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យឲ្យខានតែបាន។
ជាក់ស្ដែង កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែន និងកម្លាំងអាវុធហត្ថរាធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឈ្មោះហាង រីង ការហ្វេ។
ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ ហូ ម៉េងហ័រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិកូហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំប៉ុស្តិ៍រកាធំ ខេត្តកំពង់ស្ពឺ។ ក្រោយការឃាត់ខ្លួនភ្លាមៗ ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង។
គួរជម្រាបថា មានករណីប្លន់ប្រដាប់អាវុធ ដែលធ្វើឲ្យផ្អើលអស់ទឹកដីខណ្ឌជ្រោយចង្វារ បានកើតឡើងនៅវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចហាងកាហ្វេ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីនេះ ជនសង្ស័យប្លន់យកបានម៉ូតូ១គ្រឿងម៉ាក ហុងដា Sh ស៊េរីឆ្នាំ២០១៦ ពណ៍ស ស្លាកលេខ 1GJ-8157 ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាមសុង និងប្រាក់ចំនួន២២០.០០០រៀល។ ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយការភ្ញាក់ផ្អើលខ្លាំង ទើបកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍នៅកន្លែងកើតហេតុ និងឈានទៅកំណត់មុខសញ្ញាបានភ្លាមៗ៕






