Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ ការរៀបចំសណ្ដាប់ធ្នាប់ក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរប្រើចំណាត់ការដ៏ក្ដៅបន្ទាប់ពីជូនដំណឹងឲ្យក្រុមអ្នកលក់ដូរនៅតាមដងផ្លូវចាកចេញ តែពួកគាត់មិនព្រមចាកចេញ។

បន្ទាប់ពីអាជ្ញាធរក្រុងស្ទឹងត្រែងចេញសេចក្ដីប្រកាសក៏ដូចបានជូនដំណឹងដល់ក្រុមអាជីវករលក់ដូរនៅលើដងផ្លូវសាធារណៈកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ និងឱសនវាទនៅថ្ងៃទី៧ ខែមីនា ២០១៨ ឥឡូវកម្លាំងរបស់អាជ្ញាធរក្រុងបានចុះអនុវត្ដ និងចាត់វិធានការ ដោយប្រើគ្រឿងចក្រចូលឈូសឆាយសម្អាតកាលពីយប់ថ្ងៃទី៨ ខែមីនា ២០១៨នេះ និងបន្តធ្វើរហូតដល់ក្រុមអាជីវករចាកចេញទៅលក់នៅទីតាំងផ្សារវិនិយោគ ដែលក្រុងបានរៀបចំរួចជាស្រេចចាំទទួលពួកគាត់នោះ។

លោក ដួង ពៅ អភិបាលរងខេត្តទទួលបន្ទុកផ្នែកបរិស្ថាន និងសណ្ដាប់សាធារណៈបានបញ្ជាក់ថា ក្រុមអ្នកលក់ដូរអនា​ធិបតេយ្យនៅលើដងផ្លូវខាងក្រោយមន្ទីរពេទ្យ និងតាមដងផ្លូវសួនច្បារត្រីប៉ាស៊ីអ៊ីតាមមាត់ទន្លេនេះ គឺពួកគាត់មួយចំនួនមានតូបនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង តែពួកគាត់មិនព្រមនៅលក់ទេ សុខចិត្តចេញមកលក់នៅខាងក្រៅលើដងផ្លូវ ដែលជាហេតុធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ប៉ះពាល់បរិស្ថាន និងបាត់បង់សោភ័ណភាពទីក្រុងយ៉ាងធ្ងន់ធ្ងរ។

លោក ក៏បានអំពាវនាវដល់អាជីវករចូលរួមចំណែកជាមួយការចុះអនុវត្តរបស់អាជ្ញាធរក្រុងនៅយប់មិញ ក៏ដូចនៅព្រឹកថ្ងៃទី៩នេះ សូមបងប្អូនអ្នកលក់ដូរទាំងអស់មេត្តាយោគយល់ និងចូលរួមសហការដើម្បីផ្ដល់លទ្ធភាពឲ្យអាជ្ញាធរក្រុងបានរៀបចំកែលម្អក្រុងមួយនេះមានសោភ័ណភាព។

ជុំវិញការចុះរៀបចំសណ្ដាប់របស់ក្រុងនេះ បានធ្វើឲ្យក្រុមអ្នកលក់ដូរនៅលើដងផ្លូវមិនសប្បាយចិត្តទេ ហើយបានប្រើពាក្យដម្ដីជេរប្រមាថដល់កងកម្លាំង ដែលចុះអនុវត្តនោះយ៉ាងចាស់ដៃផងដែរ។ តែទោះបីជាមានការប៉ះទង្គិចពាក្យសម្ដីខ្លះៗពីក្រុមអាជីវករយ៉ាងក្ដី ក៏គេបានសង្កេតមិនឃើញមានការផ្ទុះអំពើហិង្សាកើតឡើងឡើយ។

បច្ចុប្បន្នមហាជនក្នុងខេត្តស្ទឹងត្រែងទាំមូលកំពុងតាមដានមើលពីសកម្មភាពក្នុងការរៀបចំរបស់ក្រុង តើធ្វើបានក្នុងកម្រឹតណា ហើយមានតម្លាភាពដែរឬយ៉ាងណា។

សម្រាប់នៅព្រឹកថ្ងៃទី៩ ខែមីនានេះ ក្រុមអាជីវករបានចាកចេញទៅលក់នៅផ្សារអូរឫស្សី និងខ្លះបានទៅលក់នៅផ្សារគីឡូ២ហើយ ចំពោះអ្នកមានតូបនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែងនោះក៏បានវិលចូលទៅលក់ក្នុងផ្សារវិញដែរហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor