
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ហើយជ្រុលទៅបុកនឹងរបាំងថ្មកណ្ដាលទ្រូងផ្លូវបាក់អស់ចំនួន៣កង់។ ចំណែកម្ចាស់រថយន្ត បោកក្បាលផ្ទប់នឹងកញ្ចក់រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង២៖២០នាទីរំលងអធ្រាត ឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខធនាគារ May Bank (Cambodia) ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក កាមរី ហាយប៊្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2835 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏រ៉េចង្កូតទៅបុកនឹងរបាំងថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន៣កង់។ ដោយឡែក ម្ចាស់រថយន្តបានបោកក្បាលផ្ទប់នឹងកញ្ចក់ បណ្ដាលឲ្យរងរបួសសន្លប់ស្តូងស្តឹងលែងដឹងខ្លួន។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈរថយន្តត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕






