
ស្វាយរៀងៈ បុរសម្នាក់ ទៅបង់សំណាញ់ក្នុងទន្លេវ៉ៃគោ ស្រាប់តែជាប់អីធ្ងន់ៗ ស្មានថា ជាត្រីធំមានអីដល់ពេលលើកឡើងលើគោក គឺជាកាំភ្លើងAK មួយដើម ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យមើល និងយកទៅរក្សាទុក។
ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី៦៖៣០នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទន្លេវ៉ៃគោ ស្ថិតនៅភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ខាំ រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដើរបង់សំណាញ់ក្នុងទន្លេវ៉ៃគោ ស្រាប់តែជាប់អាវុធមួយដើម ម៉ាក AK 47ស្វាយបត់ គ្មានបង់ ដែលមានសភាពច្រេះចាប់ទៅហើយ មិនដឹងគេបោះចោលតាំងពីពេលណានោះទេ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីប្របង់សំណាញ់បានអាវុធ បុរសខាងលើក៏បានរាយការណ៍និងប្រគល់កាំភ្លើងឲ្យសមត្ថកិច្ចតែម្តងទៅ។ បច្ចុប្បន្នអាវុធខាងលើត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ក្រុងស្វាយរៀងយកមករក្សាទុក៕

