header ads

Sponsor

រិទ្ធី

កម្លាំងសមត្ថកិច្ច ចាប់បញ្ជូនប្រគល់ជនជាតិវៀតណាម ១០ នាក់ទៅឱ្យប្រទេសវៀតណាមវិញ ក្រោយពីបានឃាត់ខ្លួនពួកគេ ករណីពាក់ព័ន្ធនឹងការលួចកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅភូមិភិលើ ឃុំសេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ នៅក្នុងរបាយការណ៍របស់ស្នងការខេត្ត រតនគិរី ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្ត បានចុះល្បាតតាមខែ្សបន្ទាត់ព្រំដែន នៅក្នុងភូមិភិលើ ឃុំសេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ក៏បានប្រទះ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ១០ នាក់ រួមនឹងវត្ថុតាងមាន គោយន្តកែច្នៃ ០៣ គ្រឿង កំពុងធ្វើសកម្មភាពលួចឆ្លងដែន ក្នុងបំណងលួចប្រព្រឹត្តបទល្មើសព្រៃឈើ ក្នុងទឹកដីកម្ពុជា។ 

លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ បានឱ្យដឹងថាជនជាតិវៀតណាមទាំង១០ នាក់នោះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់អាជ្ញាធរប្រទេសវៀតណាមវិញហើយ តែមិនមានការឆ្លងកាត់សាលក្រមនោះទេ ការធ្វើបែបនេះដើម្បីព្រមានកុំឲ្យមានការចូលមកដោយខុសច្បាប់បែបនេះទៀត។ លោកបញ្ជាក់ថាបទល្មើសព្រំដែនដែលចាប់បាននៅនឹងកន្លែង គឺសមត្ថកិច្ចបានសុំការឯកភាពពីអយ្យការសាលាដំបូងខេត្ត រួចបំពេញបែបបទហើយបញ្ជូនទៅភាគីប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ ដោះស្រាយបន្ត។

ឧត្តមសេនីយ៍ត្រីរូបនេះពន្យល់ថា៖ ការបញ្ជូនជនលើ្មសយកទៅដោះស្រាយបន្តបែបនេះ ធ្វើតាមកិច្ចព្រមព្រៀងសន្តិភាព រវាងខេត្តនិងខេត្ត ដោយកន្លងមកក៏មានជនជាតិខ្មែរលួចចូលទៅប្រទេសវៀតណាមផងដែរ។

សូមបញ្ជាក់ថាជនល្មើសសង្ស័យទាំង ១០ នាក់នេះ មានទីលំនៅបច្ចុប្បន្ន នៅភូមិប៊ី ឃុំយ៉ាតម ស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post