
ការរក្សា និងការពារឯកភាពជាតិ គឺជាបំណងប្រាថ្នាប្រកបដោយឆន្ទៈរបស់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងថ្លុង ព្រោះថាកាលណាមានការឯកភាពជាតិនឹងនាំមកនូវភាពសុខសាន្ត ការអភិវឌ្ឍ វឌ្ឍនភាព វិបុលភាព ជាពិសេសរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងការមើលស្រាលពីមជ្ឈដ្ឋានខាងក្រៅ។ នេះជាការលើកឡើងរបស់លោក មុត ចាន់ថា ជំនួយការរបស់លោក កឹម សុខា នៅថ្ងៃនេះតាមរយៈគណនីហ្វេសប៊ុករបស់លោក។ បន្ថែមលើនេះ ក្នុងនាមជាអ្នកដឹកនាំគណបក្ស ឯកឧត្តម កឹម សុខា តែងតែរក្សាការពារឯកភាពផ្ទៃក្នុង ព្រោះវាជាកត្តារឹងមាំរបស់គណបក្ស សំដៅធានាបាននូវភាពជោគជ័យ និងជ័យជម្នះ។
ជំនួយការរូបនេះប្រាប់បន្ថែមថា៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ប្រាថ្នាចង់បានសន្តិភាពពេញលេញ គឺសន្តិភាពទាំងផ្លូវចិត្ត ទាំងផ្លូវកាយ និងសន្តិភាពមួយដែលគ្មានអំពើហិង្សាគ្រប់រូបភាព គ្មានការភ័យខ្លាច ហើយនិងមានសន្តិសុខពេញលេញ និងសេរីភាពពេញលេញ។ ឯកឧត្តម កឹម សុខា ប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរដោយអំពើហិង្សា ឬតាមវិធីរដ្ឋប្រហារ ឬបដិវត្តន៍។ ឯកឧត្តម កឹម សុខា មានបំណងប្រាថ្នាចង់បានការផ្លាស់ប្តូរជាវិជ្ជមាន ការផ្លាស់ពីអាក្រក់ទៅជាល្អ ពីល្អតិចទៅជាប្រសើរជាង និងការផ្លាស់ប្តូរដែលមិនធ្វើឲ្យអ្នកដទៃឈឺចាប់ ឬភ័យខ្លាចឡើយ។
លោក មុត ចាន់ថា ក៏អំពាវនាវឱ្យមានការដោះលែង ឯកឧត្តម កឹម សុខា ឱ្យមានសេរីភាព នឹងបង្កើតឱ្យសង្គមខ្មែរមានភាពសុខសាន្ត ខ្មែរឯកភាពតែមួយ និងទទួលបានមកវិញនូវកិត្តិយសជាតិ។


