header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាប្ដីម្នាក់​ បានទាញដំបងឈើជ្រុងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ហើយ​ត្រូវប្រពន្ធប្តឹងសមត្ថកិច្ចហៅទៅអប់រំ បន្ទាប់ពីលោកប្ដីរូបនេះលួចទាក់ទងស្រីថ្មីបាន៥ខែ បែកការ ប្រពន្ធដកទូរស័ព្ទ។

ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេកាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិមិត្តភាព សង្កាត់ឫស្សី ខណ្ឌឫស្សីកែវ។

បុរសជាប្តីខាងលើនេះ ឈ្មោះ ចន ស៊ីវន្ធី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ស្ត្រីជាប្រពន្ធ ឈ្មោះ ឆន ចាន់ណារី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរអ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ថា ប្តីរបស់គាត់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីម្នាក់​ឈ្មោះ លីន អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ដៃយ៉ាំងចំនួន៥ខែមកហើយ ហើយនៅមុនពេលកើតហេតុ គឺកាលពីសប្តាហ៍មុនប្តីរបស់គាត់ បានបាត់មួយយប់ដោយគាត់មានការសង្ស័យថា ប្តីរបស់គាត់ទៅដេកជាមួយស្រីស្នេហ៍ខាងលើ។

ស្ត្រីជាប្រពន្ធបន្តថា ក្រោយពីទៅដេកបាត់មួយយប់មកស្រីស្នេហ៍វ័យក្មេងរបស់ប្តីគាត់តែងតែខលតាមឆាតជាញឹកញាប់ ថែមទាំងថើបគ្នាតាមកញ្ចក់ទូរស័ព្ទ ដែលខលឆាតរកគ្នាទៅវិញទៅមក ពេលរូបគាត់ឃើញប្តី និងស្រីស្នេហ៍ទាក់ទងគ្នាផ្អែមល្ហែមបែបនេះ រូបគាត់មានចិត្តខឹងសម្បាយ៉ាងខ្លាំង ក្រោយមករូបគាត់បានដកទូរស័ព្ទ និងម៉ូតូឈប់ឲ្យប្រើប្រាស់រយៈពេល៤ថ្ងៃដល់ថ្ងៃកើតហេតុ ប្តីរបស់គាត់តាមអង្វរសុំទូរស័ព្ទពីគាត់ ដើម្បីយកទៅទាក់ទងជាមួយស្រីស្នេហ៍វ័យក្មេងនោះ តែរូគាត់មិនព្រមឲ្យធ្វើបុរសជាប្តីខឹងផ្ទុះហិង្សាទាញយកឈើជ្រុងប្រវែងជាងមួយម៉ែត្រវាយកំទេចទូរកញ្ចក់ដាក់ឥវ៉ាន់ចំនួន២ និងរបស់របរនៅក្នុងផ្ទះមួយចំនួនទៀត។

ពេលឃើញធ្វើសកម្មភាពដូចនេះ រូបគាត់ឃាត់មិនស្តាប់ក៏បានខលទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ បន្ទាប់ពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបុរសជាប្តីបានប្រាប់ប្រពន្ធថា រូបគេឈប់យកគាត់ធ្វើជាប្តីប្រពន្ធតទៅទៀតហើយ តែរូបគាត់ជាប្រពន្ធបានឆ្លើយតបប្តីវិញថា គាត់មិនព្រមលែងលះគ្នាទេ សមត្ថកិច្ចឮពួកគាត់និយាយបែបនេះ ក៏នាំប្តីប្រពន្ធទាំងពីរនាក់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post