
ភ្នំពេញៈ បន្ទាប់ពីប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានបញ្ជាក់ថា គណបក្សមិនទាន់បានគិតគូរចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅឡើយទេ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានឆ្លើយតបវិញថា គណបក្សនយោបាយណាមិនចូលរួមប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ ជាសិទ្ធិរបស់ពួកគេ ។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្ដើមដំណើរការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ិក ប៊ុនហុក ថា រហូតមកដល់បច្ចុប្បន្ន មានគណបក្សនយោបាយ ចំនួន៣៧ បានចុះឈ្មោះនៅក្រសួងមហាផ្ទៃ ដើម្បីចូលរួមប្រកួតប្រជែងគ្នា គ្រប់ការបោះឆ្នោត ។
លោកបន្តថា ក្នុងចំណោមគណបក្សនយោបាយទាំងអស់ បក្សណាចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតក៏បាន មិនចូលក៏បានដែរ ព្រោះជាសិទ្ធិរបស់គេ មិនអាចធ្វើការបង្ខិតបង្ខំគេបានទេ ។ លោកក៏ផ្ដាំផ្ញើដល់គណបក្សនយោបាយមួយចំនួន កុំមាក់ងាយជាតិសាសន៍របស់ខ្លួន និងកុំយកជាតិសាសន៍ខ្លួនឯង ទៅហែកកេរ្តិ៍ឲ្យបរទេសបានដឹង ព្រោះជារឿងមិនល្អនោះទេ ។
គ.ជ.ប បន្ថែមថា គណបក្សនយោបាយណាក៏ដោយ ឲ្យតែមានការចុះបញ្ជីត្រឹមត្រូវពីក្រសួងមហាផ្ទៃនោះ នឹងមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងដោយស្មើភាព ដោយមិនគិតបក្សតូចបក្សធំនោះទេ ។
លោកថា “ហ្នឹងហើយស្មើភាពឲ្យតែបំពេញលក្ខខ័ណ្ឌគ្រប់ ជាគណបក្សនយោបាយ គឺចូលបញ្ជីផ្លូវការ៣៧គណបក្ស ទាំងនោះមានសិទ្ធិស្មើៗគ្នា ក្នុងការចូលរួមការប្រកួតប្រជែង គ្រប់ការបោះឆ្នោត គេចូលក៏បានគេមិនចូលក៏បាន ព្រោះគេមានសិទ្ធិជាគណបក្សនយោបាយ ហើយយើង ទៅឃាត់ឃាំងគេយ៉ាងម៉េច មើលមាក់មើលថោកគេយ៉ាងម៉េច វាអត់ត្រូវ យូរៗជាជាតិសាសន៍គ្នាឯង ហ្នឹងមាក់ងាយគ្នាតែរបៀបហ្នឹង” ។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង ចំពោះអ្នកសង្កេតការណ៍ ការបោះឆ្នោតជាតិ-អន្តរជាតិ ចូលរួមសង្កេតការណ៍បោះឆ្នោត ហើយបើមិនចូលរួមក៏បានដែរ ព្រោះច្បាប់អត់មានបានចែង ត្រូវតែចាប់បង្ខំឲ្យចូលរួមសង្កេតការណ៍ឡើយ ។
ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ មានរយៈពេល១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ។
សូមរំលឹកថា ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៥ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានឈ្នះ៦៨អាសនៈ ចំណែកអតីតគណបក្សសង្គ្រោះជាតិបាន៥៥អាសនៈ៕
