
កំពតៈ កូនតិរច្ឆានដែលលើកដៃប្រហារម្តាយបង្កើតបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយរត់គេចខ្លួននោះ ពេលនេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួននៅចំណុចភូមិទួលក្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃសោរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ណុំ សុខរឿន ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ រៀម ហែ ភេទស្រី អាយុ៥០ឆ្នាំ។ អ្នកទាំង២នាក់នេះ រស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្ន ជនសង្ស័យក្រោយពីសមត្ថកិច្ចរៀបចំឯកសាររួចរាល់ នឹងបញ្ជូនទៅខេត្តកំពតដើម្បីចាត់ការតាមច្បាប់៕



