
នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីសម្រេចមួយដក លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា ។
លោក ឡាយ វណ្ណៈ ត្រូវបានដកតំណែងមួយចំនួនទៀតផងដែរ ដែលរួមមានតំណែងអភិបាលខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកគឺ លោក ឡាយ ណារិទ្ធ រួមទាំងមនុស្ស២នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ឃាតកម្ម និងលាក់បាំងតម្រុយ ពាក់ព័ន្ធករណីធ្វើឃាតកម្មលើស្ត្រីមេម៉ាយ ឈ្មោះ ចេវ សុវឌ្ឍនា។


