
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសថា ទៅថ្ងៃខាងមុខ កម្ពុជានឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅលើទឹកដីខេត្តក្រចេះ។
នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងបិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សកលវិទ្យាល័យក្រចេះ” នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ថា ការកសាងស្ពាននេះ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ការងារ និងជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
ព្រមជាមួយគ្នានេះសម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនចិនដែល បានចូលរួមចំណែកយ៉ាងសំខាន់ឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណងក្នុងការរួមចំណែកកសាងសកលវិទ្យាល័យក្រចេះនេះ និងអរគុណមិត្តចិនដែលកន្លងមក តែងតែជួយដល់កម្ពុជា ទៅលើវិស័យផ្សេងៗ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៕
