
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៦.១៥ ព្រឹក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ណារីតា (Narita) ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ថ្ងៃទី២៤-២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP)។ នេះបើយោងតាមការចុះផ្សាយរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាបជូនថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

ក្នុងដំណើរអញ្ជើញដល់ព្រលានយន្តហោះណារីតា ប្រទេសជប៉ុន គេសង្កេតឃើញមានវត្តមានតំណាងក្រសួងការបរទេសជប៉ុន និងវត្តមានលោកជំទាវឯកអគ្គរាជទូតនៃព្រះរាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានមកទទួលស្វាគមន៍យចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងពេលនេះផងដែរ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាគីហ្សាគី ស៊ីហ្សិគី អគ្គនាយក អគ្គនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេហ៏ និងអាស៊ីនីរតី នៃក្រសួងការបរទេសជប៉ុន។






