Sponsor
រិទ្ធី

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ២០១២ ការ​បាញ់​សម្លាប់​នេះ គឺ​នៅ​ក្នុង​បេសកកម្ម​របស់​លោក​នៅ​ខែត្រ​កោះកុង ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​ នៅ​ខែត្រ​កោះកុង ហើយការ​ស្លាប់​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ គឺ​ជា​ការ​សោកស្ដាយ​ជា​ទីបំផុត​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា ពីព្រោះ​ថា កន្លង​មក​គេ​ចាត់​ទុក​លោក ឈុត វុទ្ធី ជា​មនុស្ស​មាន​សេចក្ដី​ក្លាហាន មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោក ឈុត វុទ្ធី កើតនៅឆ្នាំ១៩៦៤ ​នៅ​ក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល លោក​មាន​កូន​ចំនួន​បី​នាក់ ប្រុស​ម្នាក់ ស្រី ២​នាក់។

ប្រវត្តិនៃការសិក្សា៖ លោក ឈុត វុទ្ធី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មក​ពី​ប្រទេស​រុស្សី (អតីតសហភាពសូវៀត) នៅ​ឆ្នាំ​១៩៩២។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ លោក ឈុត វុទ្ធី បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើ​ជា​គ្រូ​បង្ហាត់​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។ លុះ​ដល់​ឆ្នាំ​២០០៣ គាត់បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយក​រង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​ធ្វើ​ការ​ឃ្លាំមើល​អំពី​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា។ ក្រោយ​ពី​រដ្ឋាភិបាលកម្ពុជា​បាន​បណ្ដេញ​អង្គការ គ្លបល វីនេស ចេញ​ពី​កម្ពុជា លោក ឈុត វុទ្ធី បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​គេ​ដឹង​ថា អង្គការ​របស់​លោក​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ រហូត​ដល់​បច្ចុប្បន្ន។  

សូមរំលឹកថា លោក ឈុត វុទ្ធី បាន​ចុះ​ទៅ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ២០១២ ជាមួយ​នឹង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួន​ពីរ​រូប គឺ​មាន​កញ្ញា ផន បុប្ឆា ជា​ជន​ជាតិ​ខ្មែរ និង​មួយ​រូប​ទៀត​ជា​ជនជាតិ​បរទេស។ គោល​បំណង​សំខាន់​ក្នុង​ការ​ចុះ​ទៅ​ខែត្រ​កោះកុង របស់​លោក ឈុត វុទ្ធី នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង។ ប៉ុន្តែ​ជា​អកុសល​លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ការពារ​ក្រុមហ៊ុន​បាញ់​សម្លាញ់​ទៅ​វិញ នៅ​ខណៈ​លោក​បាន​ទៅ​ថត​រូបភាព​អំពី​ការ​កាប់​ឈើ​របស់​ក្រុមហ៊ុន​ឯកជន​មួយ។

កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី ឈ្មោះ ឈយ ឧត្តមរស្មី បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​អាណិត​ស្រណោះ​ឪពុក​របស់​ខ្លួន​ថា កាល​ពី​ឪពុក​របស់​លោក​នៅ​រស់ លោក ឈុត វុទ្ធី បាន​អប់រំ​លោក​ឲ្យ​តែ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​សង្គម និង​កុំ​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​សង្គម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor