
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានយល់ឃើញថា កម្ពុជាត្រូវសហការជាមួយ ចិន និងវៀតណាម ឲ្យបានល្អដូចគ្នា ក្នុងភាពឯករាជ្យ និងអធិបតេយ្យជាតិពេញលេញ ដោយកុំផ្អៀងទៅភាគីម្ខាង ។
ការយល់ឃើញរបស់បក្សទើបបង្កើតថ្មី ដែលផ្តោតសំខាន់ជំនាញកសិកម្មនោះ ក្រោយពីបក្សបានសង្កេតឃើញថា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសើរប្រទេសចិន និងអរគុណប្រទេសវៀតណាម ចំណែកលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានវាយប្រហារចិន និងស្អប់ខ្ពើមវៀតណាម ។
យោងតាមគេហទំព័ហ្វេសប៊ុករបស់ គ.ប.ម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា “នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន សរសើរចិន ហើយអរគុណវៀតណាម ចំណែកលោក សម រង្ស៊ី វាយប្រហារចិន ហើយស្អប់ខ្ពើមវៀតណាម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ត្រូវសហការជាមួយ ប្រទេសចិន និងវៀតណាមឲ្យបានល្អ ក្នុងភាពឯករាជ្យ និង អធិបតេយ្យជាតិពេញលេញ” ។
គ.ប.ម បន្ដថា កម្ពុជាមិនអាចរឹងមាំ និងថ្លៃថ្នូរ ដោយសារការអរគុណ ដឹងគុណ និងស្អប់ខ្ពើម គេនោះទេ កម្ពុជាត្រូវតែជឿជាក់លើខ្លួនឯង ពឹងលើខ្លួនឯង និងមានការសហការល្អជាមួយប្រទេសដទៃ ។
សូមបញ្ជាក់ថា ចិនជាប្រទេសផ្តល់ជំនួយ ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈនានាមកដល់កម្ពុជាដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្រោយសម័យខ្មែរក្រហម ហើយសម្តេចតេជោ តែងតែថ្លែងអំណរគុណដល់ចិន ចំពោះការផ្តល់ថវិកា ជួយកសាងផ្លូវថ្នល់ និងស្ពានជាដើម ខណៈសម្តេចតេជោ ថា រាល់សមិទ្ធនៅកម្ពុជា មិនអាចកាត់ផ្ដាច់បានពីជំនួយរបស់វៀតណាម ជួយដល់កម្ពុជា ជាពិសេស ជំនួយក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតឆ្នាំ១៩៧៩កន្លងមក៕
