
ភ្នំពេញ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានគណបក្សបង្កើតថ្មីជាច្រើន បានលេចចេញជាវត្តមាន សម្រាប់ចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ ដូច្នេះក៏មានមតិមួយចំនួន បានលើកឡើងថា ជាបក្សអាយ៉ងរបស់គណបក្សកាន់អំណាច របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធាន គណបក្សប្រជាជនកម្ពុជា ហើយបានធ្វើឲ្យសម្តេចប្រតិកម្មទៅវិញថា ឲ្យតែអ្នកណាបង្កើតបក្សថ្មីជាអាយ៉ង របស់បក្សកាន់អំណាចទាំងអស់ ទៅជាឆ្កួតឡប់ អស់រលីង។
នាពេលពេលថ្មីៗនេះ លោក គង់ មុនីកា កូនប្រុសពៅរបស់លោកគង់ គាំ បានបង្កើតគណបក្សឆន្ទៈខ្មែរ ចំណែកលោក អេង រតនៈ កូនប្រុសរបស់លោក អេង ឆៃអ៊ាង ក៏បានប្រកាស បង្កើតគណបក្សឈ្មោះសម្តេចឪ ទើបក្រុមអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញថា ការបង្កើតបក្សបែបជាអាយ៉ង របស់កាន់អំណាច ដើម្បីទាក់ទាញសំឡេង ពីអតីតគណបក្សសង្គ្រោះជាតិ ។ ក្នុងនោះ លោក សម រង្ស៊ីថា បក្សថ្មីនេះ គ្រាន់តែជាការលម្អឆាកល្ខោន ឲ្យរបបផ្តាច់ការរៀបចំ ការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ថា “ខ្លះគេបង្កើតបក្សទៅជេរគេបង្កើត ដើម្បីបំបែកបំបាក់អីណា សិទ្ធិរបស់ឯងមាន សិទ្ធិរបស់គេមាន ហើយឥឡូវមិនដឹងថាឡប់អីវា ឲ្យតែអ្នកបង្កើតបក្សនយោបាយ គឺសិទ្ធិតែអាយ៉ង របស់ ហ៊ុន សែន ទាំងអស់ វាទៅជាឆ្កូតឡប់ចេះ”។
សម្ដេចតេជោ ហ៊ុន សែន បានចំអកចំអន់ ឲ្យអតីតក្រុមសកម្មជន គណបក្សសង្គ្រោះជាតិថា គួរឲ្យអនិច្ចាខ្លួនឯងមិនបានធ្វើ ចង់ឲ្យគេមិនបានស៊ីដូចខ្លួន។ អ្នកមិនបានចូលរួម គឺជាអ្នកប្រព្រឹត្តិកំហុស។ សម្ដេចឲ្យក្រុមអតីតបក្សពិនិត្យមើលថា កម្ពុជាអត់ដែល បោះបង់ចោលការបោះឆ្នោត ហើយការពន្យារពេលក៏អត់បានដែរ ។
សូមរំលឹកថា កាលបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ ចំណែកអតីតគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ដូច្នេះគណបក្សប្រជាជនកម្ពុជា បានឈ្នះគណបក្សសង្គ្រោះជាតិ ក្រោយមកគណបក្សសង្គ្រោះជាតិ មិនទទួលស្គាលទ្ធផលបោះឆ្នោត ក៏ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឲ្យបានក្នុងអំឡុងពេល៣ខែយ៉ាងយូរ ។
ករណីនេះដែរ លោក សម រង្ស៊ី បានលើកឡើង តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃ២៨ មេសាថា មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដឹកនាំដាយ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលប្រកាន់ជំហរច្បាស់លាស់និងរឹងមាំ គួរឲ្យទុកចិត្តបាន ក្នុងការទាមទារការផ្លាស់ប្តូរ ជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ។ គ្មានគណបក្សណា អាចជំនួសគណបក្សសង្គ្រោះជាតិ បានទេ។ ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា ពហិការមិនទៅបោះឆ្នោតជាជំហរ និងកាយវិការមួយ ដ៏ថ្លៃថ្នូរ ត្រឹមត្រូវ និងមានប្រសិទ្ធភាព សមស្របទៅនឹងការតស៊ូ អហិង្សា ដើម្បីបុព្វហេតុមួយដ៏ត្រឹមត្រូវ ។
លោកថា គណបក្សដទៃទៀត ដែលមកចូលរួមការបោះឆ្នោត ដោយឆ្លៀតឱកាស មិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមក លម្អឆាកល្ខោន ឲ្យរបបផ្តាច់ការរៀបចំ ការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាចរបស់ខ្លួន តែប៉ុណ្ណោះ ៕
