
ភ្នំពេញ៖ ឥស្សរជនកំពូលទាំង៥នោះរួមមាន លោក ប៊ិន ឈិន លោកស្រី ម៉ែន សំអន លោក គាត ឈន់ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ចម ប្រសិទ្ធ ដែលទើបនឹងទទួលបានគោរមងារ នៃរាជបណ្ឌិត្យសភាកម្ពុជា ដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ។ ដោយប្រែសម្រាយមកជាភាសាខ្មែរ គោរមងាររបស់ឥស្សរជនទាំង៥រូប ដែលមានប្រភពដើមពីភាសាបាលី មានអត្ថន័យអស្ចារ្យណាស់។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត»។កិត្តិនីតិកោសលបណ្ឌិត មកពីពាក្យថា កិត្តិ + នីតិ + កោសល + បណ្ឌិត។ នីតិ ប្រែថា ច្បាប់។ កោសល ឬកុសល ប្រែថា ល្អ, ប្រពៃ, បុណ្យ តែក្នុងទីនេះ អាចសំដៅថា ប៉ិនប្រសប់, ឈ្លាសវាងវៃ។កិត្តិនីតិកោសលបណ្ឌិត មានន័យថា បណ្ឌិត ដែលប្រកបទៅដោយកិត្តិយស និងមានភាពឈ្លាសវៃ ឬមានជំនាញខ្ពស់ផ្នែកច្បាប់។


កិត្តិបរិរក្សបណ្ឌិត មានន័យថា បណ្ឌិតដែលមានសេចក្តីចម្រើនដ៏រុងរឿង ឬដ៏មានកិត្តិយស។លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា ទទួលបានគោរមងារជា «កិត្តិសង្គហបណ្ឌិត»។ កិត្តិសង្គហបណ្ឌិត មកពីពាក្យថា កិត្តិ + សង្គហ + បណ្ឌិត។ សង្គហ ប្រែថា ការសង្គ្រោះ។កិត្តិសង្គហបណ្ឌិត មានន័យថា បណ្ឌិតប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។



លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិករដ្ឋសភា និងជាអតីតឧបនាយករដ្ឋមន្ត្រី ទទួលបានគោរមងារជា «កិត្តិបរិរក្សបណ្ឌិត»។ កិត្តិបរិរក្សបណ្ឌិត មកពីពាក្យថា កិត្តិ + បរិរក្ស + បណ្ឌិត។ កិត្តិ ប្រែថា សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ឬក៏អាចសំដៅលើកិត្តិយស។ បរិរក្ស ប្រែថា ការគ្រប់គ្រង, ការបីបាច់, ការថែទាំដោយប្រយ័ត្ន ឬសំដៅថា ជនណាមានបរិរក្ស ក្នុងខ្លួន ជននោះ រមែងបានសេចក្ដីចម្រើន។

លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ទទួលបានគោរមងារជា «អគ្គបណ្ឌិតសភាចារ្យ»។ អគ្គបណ្ឌិតសភាចារ្យ មកពីពាក្យ អគ្គ + បណ្ឌិត + សភា + អាចារ្យ។ អគ្គ ប្រែថា កំពូល, ខ្ពង់ខ្ពស់បំផុត, លើសលុប, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ។ បណ្ឌិត ប្រែថា ជនមានប្រាជ្ញា និងមានចំណេះដឹងជ្រៅជ្រះ។ សភា ប្រែថា ទីប្រជុំ។ អាចារ្យ ប្រែថា អ្នកប្រព្រឹត្តល្អ, អ្នកត្រឹមត្រូវ ឬគ្រូបង្រៀន, អ្នកប្រៀនប្រដៅ, អ្នកហាត់មារយាទអ្នកដទៃ។ អគ្គបណ្ឌិតសភាចារ្យ មានន័យថា អាចារ្យមួយរូប ដែលប្រសើរនិងខ្ពង់ខ្ពស់បំផុត ក្នុងទីប្រជុំនៃពពួកបណ្ឌិតទាំងពួង។


លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបានគោរមងារជា «កិតិ្តសេដ្ឋាបណ្ឌិត»។ កិត្តិសេដ្ឋាបណ្ឌិត មកពីពាក្យថា កិត្តិ + សេដ្ឋា + បណ្ឌិត។ សេដ្ឋ ឬ សេដ្ឋា ប្រែថា ប្រសើរផុត, ប្រសើរលើសលុប, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់។ កិត្តិសេដ្ឋាបណ្ឌិត មានន័យថា បណ្ឌិតដ៏ប្រសើរឬដ៏ឧដុង្គឧត្តម និងប្រកបដោយកិត្តិយស។


ពាក្យ អគ្គបណ្ឌិតសភាចារ្យ កិត្តិបរិរក្សបណ្ឌិត កិត្តិសង្គហបណ្ឌិត កិត្តិនីតិកោសលបណ្ឌិត និងកិត្តិសេដ្ឋាបណ្ឌិត មិនមែនជាពាក្យដើមនោះទេ តែជាពាក្យដែលកើតឡើងពីការផ្គុំឬការច្របាច់បញ្ចូលគ្នាពីពាក្យដើមនីមួយៗ ដូចជាពាក្យ អគ្គបណ្ឌិតសភាចារ្យ កើតឡើងពីពាក្យដើមជាច្រើន ដែលរួមមាន អគ្គ + បណ្ឌិត + សភា + អាចារ្យ។
ពាក្យដើម (ធាតុដើម) នីមួយៗ ដូចជា អគ្គ, បណ្ឌិត, សភា និងអាចារ្យ ដែលបំបែកឬញែកចេញពីពាក្យអគ្គបណ្ឌិតសភាចារ្យ សុទ្ធតែជាភាសាបាលី និងមានពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ តែពាក្យទាំងមូល ដែលរួមមាន អគ្គបណ្ឌិតសភាចារ្យ កិត្តិបរិរក្សបណ្ឌិត កិត្តិសង្គហបណ្ឌិត កិត្តិនីតិកោសលបណ្ឌិត និងកិត្តិសេដ្ឋាបណ្ឌិត ពុំមានក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។
គោរមងារខាងលើ មានពីរ គឺគោរមងារផ្នែកវិទ្យាសាស្ត្រ និងគោរមងារផ្នែកកិត្តិយស ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយព្រះរាជក្រឹត្យ។ អគ្គបណ្ឌិតសភាចារ្យ គឺជាគោរមងារផ្នែកវិទ្យាស្ត្រលំដាប់ទី២។ ឯគោរមងារផ្នែកវិទ្យាសាស្ត្រលំដាប់ផុតលេខឬលំដាប់ទី១ គឺអគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ។ គោរមងារជាអគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ នៅមិនទាន់បានទៅលើឥស្សរជនណាឡើយ។
ចំណែក កិត្តិបរិរក្សបណ្ឌិត កិត្តិសង្គហបណ្ឌិត នីតិកោលសបណ្ឌិត និងកិត្តិសេដ្ឋាបណ្ឌិត គឺជាគោរមងារផ្នែកកិត្តិយស។ កិត្តិបរិរក្សបណ្ឌិត ជាគោរមងារផ្នែកិត្តិយសលំដាប់ទី២។ ឯកិត្តិសង្គហបណ្ឌិត នីតិកោលសបណ្ឌិត និងកិត្តិសេដ្ឋាបណ្ឌិត សុទ្ធតែជាគោរមងារផ្នែកកិត្តិយសលំដាប់ទី៣។ កិត្តិព្រឹទ្ធបណ្ឌិត ជាគោរមងារផ្នែកកិត្តិយសលំដាប់ទី១។
ឥស្សរជន៣រូប ដែលរួមមាន សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រ កាលពីឆ្នាំ២០១៣៕

