header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឈ្លោះគ្នាតាំងពីល្ងាច មកដល់យប់ជ្រៅ ក៏ឃើញបើកឆាកប្រយុទ្ធគ្នាតែម្ដង ដោយនារីម្នាក់ ត្រូវគេបាញ់ធ្លាយកំភួនជើងខាងឆេ្វងហូរឈាមជោក បណ្ដាលឲ្យរងរបួសជាទម្ងន់។ ចំណែកអ្នកបាញ់ ត្រូវបានស្ទាវនៅជិតនោះ នាំគ្នាដេញវាយហូរឈាមជោកខ្លួន មុនពេលសមត្ថកិច្ចមកដល់ ហើយដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះផងដែរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខសួនកាស៊ីណូ ណាហ្គា វើល កណ្ដាលក្រុងភ្នំពេញ ស្ថិងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះ ដែលត្រូវគេបាញ់ឲ្យរងរបួស មានឈ្មោះ គីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកអ្នកបាញ់មានឈ្មោះ ឡុង សម្បត្តិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីនារីរងគ្រោះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងមានទំនាស់ជាមួយជនដែលបាញ់នោះតាំងពីល្ងាច ស្រាប់តែយប់ជ្រៅនាងកំពុងតែផឹកស៊ីជុំគ្នានៅលើសួនមុខកាស៊ីណូ ណាហ្គា វើល ហើយឃើញបុរសខាងលើ ជិះម៉ូតូពីរបីជុំសួន។ ឃើញដូច្នេះ នាងក៏ប្រាប់បងៗធម៌ថា “បុរសនឹងហើយ ដែលរករឿងខ្ញុំពីល្ងាចមិញហ្នឹង”។

បន្ទាប់ពីបានឮប្អូននិយាយប្រាប់បែបនេះ បងៗធម៌របស់នារីរងគ្រោះ ក៏បានទៅកាក់ម៉ូតូរបស់បុរសខាងលើ ដើម្បីសួរនាំរហូតឈ្លោះគ្នា និងវាយទៅលើបុរសនោះជាច្រើនដៃ ទើបធ្វើឲ្យបុរសនោះខឹង ក៏ដកកាំភ្លើងខ្លីបាញ់ត្រូវនារីរងគ្រោះចំកំភួនជើងមួយគ្រាប់ បង្កឲ្យមានការភ្ងាក់អ្នកនៅជិតថា ជាករណីបាញ់ប្លន់។

ក្រោយពីបាញ់នារីរងត្រូវហើយ ជនបង្កក៏ប្រុងគេចខ្លួនដែរ តែត្រូវក្រុមស្ទាវៗដែលនៅជិតនោះ នាំគ្នាដេញចាប់ និងវាយស្ទើរស្លាប់ ទើបប្រគល់ឲ្យសមត្ថកិច្ច និងដកហូតបានកាំភ្លើងខ្លីម៉ាក K59 មួយដើម នៅសល់គ្រាប់ ចំនួនប្រាំគ្រាប់ទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅម៉ូតូកង់បី ដឹកយកអ្នកបាញ់ទៅសង្រ្គោះនៅមន្ទីរពេទ្យ ព្រោះត្រូវគេវាយរងរបួសយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកឲ្យឃើញថា មកពីមូលអ្វី គ្រាន់តែរឿងទំនាស់សោះ ឈានដល់ថ្នាក់បាញ់បែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post