header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលចិត្តប្រើប្រាស់ ផលិតផលគ្រឿងសម្អាងម៉ាក របស់ប្រទេសជប៉ុន ប៉ុន្ដែពួកគាត់មិនបានគិត របស់ក្លែងក្លាយឡើយ ខណៈផលិតផលមួយចំនួន បានផលិតក្នុងស្រុកខ្មែរ ប៉ុន្ដែដាក់ម៉ាកផលិតជប៉ុន។

ក្នុងពិធីកម្ទេចចោល ផលិតផលក្លែងក្លាយជាង៦០តោន នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ សម្ដេច ស ខេង បានឲ្យដឹងថា មានផលិតផលក្លែងក្លាយម៉ាក របស់ជប៉ុន ផលិតនៅស្រុកខ្មែរ “ឈ្មោះ ស៊ីស៊ីដូ” មិនមែនរបស់ជប៉ុនទេ ប្រភពដើមចេញពីស្រុកខ្មែរ ហើយនាំទៅក្រៅប្រទេស បាននាំមកលក់នៅស្រុកខ្មែរវិញ ដូច្នេះពលរដ្ឋទិញអ្វីមួយ ត្រូវពិនិត្យឲ្យច្បាស់ជាមុនសិន។

សម្ដេចបន្ដថា អ្នកផលិតរបៀបនេះ មានកំហុសពីរជាន់ ,ទី១- លួចផលិតរបស់ក្លែងក្លាយ និងទី២- លួចម៉ាកសញ្ញារបស់ជប៉ុនផលិតនៅស្រុកខ្មែរ ។ ផលិតផលក្លែងក្លាយទាំងអស់នេះ ពិតជាមានការលាយឡំ សារធាតុគីមីយ៉ាងខ្លាំង ដែលច្បាប់កម្ពុជាបានហាមឃាត់ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ចំពោះបញ្ហាសុខភាព និងកើតជំងឺផ្សេងៗ ។

សម្ដេច ស ខេង បានថ្លែងទៀតថា យើងជឿណាស់ឲ្យតែលឺរបស់ជប៉ុន អស់ហ្នឹងល្អ ប៉ុន្ដែរបស់ជប៉ុន ធ្វើនៅស្រុកខ្មែរ អាហ្នឹងវាចឹង ចឹងហើយគឺថា រឿងនេះ យើងចាំបាច់ត្រូវជជែកគ្នា និងពិភាក្សាគ្នាច្រើនណាស់ ដើម្បីរកដំណោះស្រាយ

រដ្ឋមន្រ្តីបញ្ជាក់ថា អ្នកលក់មួយចំនួនពេលខ្លះក៏មិនដឹងថារបស់ក្លែងក្លាយដែរ ដោយសារអ្នកលក់បានយកពីក្រុមហ៊ុននានា ដែលលួចផលិត របស់ក្លែងក្លាយនៅកម្ពុជា ។ សម្ដេចសង្ឃឹមថា សមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងបន្ដការខិតខំព្យាយាម រួមសហការគ្នា ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយ ឲ្យបានទាន់ពេលវេលា។

ឆ្លៀតឱកាសនោះផងដែរ សម្ដេចក្រឡាហោម បានអំពាវនាវដល់ក្រុមហ៊ុន អាជីវកម្ម ពិសេសអ្នកពាក់ព័ន្ធគ្រឿងឧបភោគ បរិភោគ គ្រឿងសម្អាង ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបនូវផលិតផលក្លែងក្លាយ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងដែរថា ផលិតផលល្បីឈ្មោះរបស់ជប៉ុនម៉ាក “ស៊ីស៊ីដូ” តាមពិត ជាផលិតផលផលិតនៅជប៉ុន ប៉ុន្តែមានជនឆ្លៀតឱកាស បានលួចផលិតនៅខេត្តកណ្ដាល។

លោកអះអាងថា ផ្អែកតាមលទ្ធផលក្រសួងមហាផ្ទៃ បានទទួលពីមន្ទីរពិសោធន៍ជាតិ ក៏ដូចជាអន្តរជាតិ ផលិតក្លែងក្លាយនេះ ធ្វើឲ្យប៉ះពាល់សុខភាព របស់អ្នកប្រើប្រាស់ យ៉ាងធ្ងន់ធ្ងរ ដែលអាចកើតជាជំងឺដង្កាត់នានា មានទាំងមហារីក ខូចប្រព័ន្ធថ្លើម តម្រង់នោម ក្រលានជាដើម ។ ផលិតផលទាំងនោះ មានដូចជា គ្រឿងសម្អាង ថ្នាំលាបសក់ អបសក់ សាប៊ូលាងមុខ ឡេលាបមុខ ក្រេមលាបមាត់ ស្រ្បៃទឹកអប់ជាដើម។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ មន្រ្តីជំនាញបានបង្ក្រាប បទល្មើសផលិតក្លែងក្លាយ ហួសដឺឡេចំនួន១៩ករណី និងរឹបអូសបានវត្ថុតាង សរុបចំនួន៥៩៧,៥តោន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ហើយបានបញ្ជូនទៅតុលាការ៕

d
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post