
មានករណីហួសចិត្តមួយ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ស្ត្រីជាកម្មករនៅរោងចក្រផលិតទឹកកក ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានមេកាវ៉ៃបែកក្បាល។ ភ្លាមនោះ ស្ត្រីរងគ្រោះសុំការអន្តរាគមន៍ពីសំណាក់នគរបាលប៉ុស្តិ៍ខណ្ឌដង្កោ ប៉ុន្តែស្ត្រីម្នាក់នោះអង្គុយសម្រក់ទឹកភ្នែក ទាំងឈាមហូរស្រោចខ្លួន នៅមុខប៉ុស្តិ៍ តែត្រូវបាននគរបាលប៉ុស្តិ៍បដិសេធពន្យាពេលទទួលពាក្យបណ្តឹង ជនរងគ្រោះ ដោយប្រើសម្តីទៅកាន់ ស្ត្រីរងគ្រោះថា អង្គុយចាំសិនទៅព្រោះ នគរបាលកំពុងរវល់ការពារ ក្បួនសម្តេច ស ខេង អស់ហើយ។
ចំពោះពាក្យសម្តី របស់នគរបាលប៉ុស្តិ៍ខណ្ឌដង្កោនាពេលនោះ ធ្វើឱ្យស្ត្រីរងគ្រោះបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារគាត់គិតថា គេវៃគាត់បែកក្បាល គាត់ខំត្រដរត់មករកសមត្ថកិច្ចជួយ អន្តរាគមន៍ចាប់ជនបង្ក តែបែរជាគ្មានអ្នកជួយទៅវិញ។ ស្ត្រីរងគ្រោះនោះមានឈ្មោះ ទើប រ៉ន អាយុ៣៧ ឆ្នាំ ស្នាក់នៅក្នុងរោងចក្រទឹកកកតែម្តង ចំណែកអ្នកវៃគាត់ឈ្មោះសៅ ជាមេការក្នុងរោងចក្រទឹកកក។ ស្ត្រីរងគ្រោះដែលត្រូវបានជនបង្កវៃបែកក្បាល ទទូចស្នើដល់នគរបាលខណ្ឌដង្កោជួយអន្តរាគមន៍ ចាប់ជនបង្កយកមកផ្តល់ទោសតាមផ្លូវច្បាប់។
ពលរដ្ឋដាក់ការសង្ស័យគិតថា ស្ត្រីរងគ្រោះនោះក្រីក្រគ្មានប្រាក់ ទើបមិនអើពើនឹងគាត់។ នគរបាលប៉ុស្តិ៍រដ្ឋបាលខណ្ឌ ដង្កោហាក់បីដូចមិនយកចិត្តទុកដាក់ ក្នុងការជួយពលរដ្ឋរងគ្រោះទេ ដោយធ្វើព្រងើយកន្តើយ។


