header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រហូតមកទល់នឹងពេលនេះ តុលាការក្រុងភ្នំពេញបានបិទបញ្ចប់សំណុំរឿងឃាតកម្មនៅក្រុងដូនកែវ​ហើយ​ បន្ទាប់ពី​អតីតអភិបាលខេត្តតាកែវ​ លោក​ ឡាយ​ វណ្ណៈ​ និងបងប្រុសរបស់លោកឈ្មោះ​ ឡាយ​ ណារិទ្ធ​ អតីតស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកសេដ្ឋកិច្ចព្រមទាំងគូកន២នាក់ទៀត​ ត្រូវតុលាការចោទ និងចេញដីកាសម្រេចឃុំខ្លួន​នៅព្រលប់ថ្ងៃអង្គារនេះ​ ខណៈ២នាក់ទៀតត្រូវបាន​ដោះលែង​។

ជនជាប់ចោទ៤នាក់ ក្នុងចំណោម៦នាក់​ ក្នុងនោះមាន​លោក​ ឡាយ​ វណ្ណៈ​ និងឡាយ​ ណារិទ្ធ​ នៅព្រលប់ថ្ងៃអង្គារ ៣រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ត្រូវចៅក្រមស៊ើបសួរលោក​ ខូយ​ សៅ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក សៀង សុខ បានសម្រេចចោទប្រកាន់២បទល្មើស​ គឺពីបទឃាតកម្ម និងលាក់បាំងតម្រុយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក​ លី​ សុផាន់ណា​ នៅព្រលប់ថ្ងៃអង្គារនេះបានប្រាប់អ្នកសារព័ត៌មានថា ពេលនេះតុលាការបានសម្រេចឃុំខ្លួនលោក​ ឡាយ​ វណ្ណៈ​ ហើយ និងគូកនហើយ​។

បើតាមលោក​ លី​ សុផាន់ណា​ បញ្ជាក់តាមប្រព័ន្ធ Telegram ថា​ “បន្ទាប់ពីបានពិនិត្យឯកសារសំណុំរឿង និងកិច្ចពិភាក្សាដេញដោលចំពោះមុខរួចមក ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនបុគ្គលទាំងនេះទៅមណ្ឌលឃុំខ្លួនតាមនីតិវិធី“។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជាបានចែងថា​ តាមមាត្រា១៩៩ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា​២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)​ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។​ ចំណែកមាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិ​លេខ២ មានមុខងារជាសមាជិក នៃក្រុមយុវជន ក១៥៧ និងជាអ្នកបម្រើការនៅរដ្ឋសភា​ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន នៅកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។

ប៉ុន្តែការស្លាប់នេះ ត្រូវបានសាច់ញាតិ និងមហាជនដាក់ការ​សង្ស័យថា មិនមែនជាករណីអត្តឃាតចងកឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យច្រើន ដែល​បានធ្វើឲ្យក្រុមគ្រួសារមានមន្ទិល ហើយក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតជាថ្មីម្តងទៀត​ រហូត​ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តតាកែវ ៨នាក់ មកសាកសួរ ក្នុងនោះ មានឈ្មោះ ឡាយ ណារិទ្ធ ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែល​ត្រូវបានរាជរដ្ឋាភិបាល ដកតំណែងកាលពីពេលថ្មីៗនេះ។

លោក ឡាយ វណ្ណៈ គឺជាកូនប្រុសរបស់ថៅកែហាងមាស និងពេជ្រនៅផ្សារថ្មី និងជាកូនប្រសារបស់លោក ស៊ូ ភារិន្ទ អតីតចៅហ្វាយខេត្តសៀមរាប។ ចំណែក​លោក ឡាយ ណារិទ្ធ ជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ពោលគឺជាកូនប្រសារលោក ឯក ក្រិត។

សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨​ បានបញ្ជូនលោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ មកកាន់សាលាដំបូងរាជធានី​ភ្នំពេញដើម្បីបកឬសគល់ខ្លួនក្រោមការចោទពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ លោក សៀង សុខ​ ក្រោយពីប៉ូលិសចាប់ខ្លួន១ថ្ងៃនៅក្រុងដូនកែវ។

ជនសង្ស័យទាំង៥នាក់ដែលអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញសួរយកចម្លើយដំបូងមាន ទី១.លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ទី២.ឈ្មោះ ជឹម វុធ អ្នកបម្រើក្នុងផ្ទះជនរងគ្រោះ ទី៣.ឈ្មោះ ចាន់ រី អ្នកបម្រើក្នុងផ្ទះជនរងគ្រោះ ទី៤.ឈ្មោះ មែន សម័យ ជាអង្គរក្សលោក ឡាយ វណ្ណៈ ទី៥.ឈ្មោះ សាក់ រតនា ជាអង្គរក្សលោក ឡាយ ណារិទ្ធ។

សូមរំលឹកថា ក្នុងប៉ុន្មានសប្ដាហ៍នេះ សំណុំរឿងឃាតកម្មសម្លាប់ស្ត្រីមេម៉ាយកូន៣នៅក្រុងដូនកែវ បានធ្វើឲ្យកក្រើកពិភពសារព័ត៌មាន ដោយសារសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងនោះមានទាំងស្នងការរងម្នាក់ផង ហើយនៅថ្ងៃទី១ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនលោក ឡាយ វណ្ណៈ ដែលទើបដកហូតតំណែងថ្មីៗនេះ បញ្ជូនមកតុលាការ។

ដំបូងឡើយសំណុំរឿងឃាតកម្មនេះ ហាក់នៅស្រពេចស្រពិល ប៉ុន្តែក្រោយពីអ្នកបម្រើនៅក្នុងផ្ទះស្រ្តីរងគ្រោះបានសារភាព ទើបគេកំណត់បានថា លោក ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ គឺជាមេក្លោងឃាតកសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃ។

តាមចម្លើយរបស់ឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពថា នៅថ្ងៃកើតហេតុ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ បានចូលទៅបន្ទប់ អ្នកស្រី ចេវ សុវឌ្ឍនា ប្រមាណកន្លះម៉ោង។ ក្រោយមកចេញមកវិញ ហើយប្រាប់ពួកគាត់ថា អាវឌ្ឍនា ស្លាប់ហើយ ពួកឯងចាត់ចែងយកសពទៅចង.កទៅ។

ស្ត្រីឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពទៀតថា កាលពីអំឡុងឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ បានឲ្យខ្លួន២នាក់ប្តី-ប្រពន្ធទៅបម្រើផ្ទះរបស់ប្រពន្ធចុងគាត់ ឈ្មោះ ចេវ សុវឌ្ឍនា ។

អ្នកទាំងពីនិយាយថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាថ្ងៃត្រង់ ខ្លួនបានឃើញលោក ឡាយ វណ្ណៈ ជិះរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ជាមួយអ្នកបើកបរឈ្មោះ មែន សម័យ ហើយឈ្មោះ ឡាយ វណ្ណៈ បានទៅអង្គុយជជែកគ្នាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។ មួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីរឿង លោក ឡាយ វណ្ណៈ មានស្រីខាងក្រៅផ្សេងទៀត ហើយយកមកដេកនៅក្នុងផ្ទះជួលនេះ។

លុះព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ អ្នកស្រី ចេវ សុវឌ្ឍនា បានឲ្យខ្លួន និងប្តីរៀបចំអីវ៉ាន់ទៅភ្នំពេញជាមួយគាត់។ ពេលទៅដល់ភ្នំពេញវេលាថ្ងៃត្រង់ ស្រាប់តែលោក ឡាយ វណ្ណៈ បានទូរស័ព្ទឲ្យពួកគាត់ត្រឡប់ទៅខេត្តតាកែវវិញដើម្បីចាំផ្ទះ។ ពេលនោះអ្នកស្រី ចេវ សុវឌ្ឍនា បានបើករថយន្តជូនពួកខ្លួនត្រឡប់មកផ្ទះវិញ។

អ្នកបម្រើស្រីសារភាពទៀតថា ពេលទៅដល់ផ្ទះ ជនរងគ្រោះបានឲ្យខ្លួន (ចាន់ រី) រៀបចំហូបបាយទឹកដូចធម្មតា។ លុះដល់ម៉ោងប្រហែ៦ល្ងាច ខ្លួនបានឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ មានអ្នកបើកបររថយន្តឈ្មោះ មែន សម័យ ឈ្មោះ សាក់ រតនា បានទៅដល់ផ្ទះ ជនរងគ្រោះ ហើយបានឡើងទៅដល់ជាន់ទី១ ជាបន្ទប់ដេករបស់អ្នកស្រី ចេវ សុវឌ្ឍនា។ ចំណែកអ្នកបើកបររថយន្តនៅអង្គុយលេងជាមួយប្តីរបស់គាត់ ក្នុងបរិវេណផ្ទះនោះដែរ។ ពេលឡើងទៅបន្ទប់អ្នកស្រី ចេវ រតនា បានប្រហែល៣០នាទី ក៏ឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ចុះពីលើមកវិញហើយប្រាប់ថា អាវឌ្ឍនា ស្លាប់ហើយ ពួកឯងចាត់ចែងយកសពទៅចង.ក នៅក្បែរបង្អួចទៅ បើប៉ូលិសសួរប្រាប់ថា វាចង.កសម្លាប់ខ្លួនឯង។ បន្ទាប់មក២នាក់បងប្អូនក៏ឡើងរថយន្តចេញដំណើរទៅបាត់។ ពេលបងប្អូនពីរនាក់នោះចេញផុត ខ្លួន និងប្តីព្រមទាំងឈ្មោះ មែន សម័យ ជាអ្នកបើកបរឲ្យលោក ឡាយ វណ្ណៈ បានឡើងទៅលើ ស្រាប់តែឃើញទ្វារបន្ទប់ចំហ ហើយឃើញជនរងគ្រោះដេកផ្ងារស្លាប់នៅលើគ្រែពូកបាត់ទៅហើយ ។ ភ្លាមនោះ ឈ្មោះ មែន សម័យ និងប្តីខ្លួន ជឹម វុធ បានលើកសាកសពយកទៅផ្អឹបនឹងជញ្ជាំងបន្ទប់ ក្បែរបង្អួចដែលមានខ្សែរីដូបង្អួចធ្លាក់ចុះ ហើយប្តីខ្លួនបានយកខ្សែរីដូនោះចងរឹត.កអ្នកស្រី សុវឌ្ឍនា ហើយឈ្មោះ មែន សម័យ បានលើកដៃទាំងពីររបស់នាង សុវឌ្ឍនា ដាក់ជាប់ និងកដូចក្នុងរូបភាពដែលចង.កនោះ។ ពេលធ្វើសកម្មភាពហើយ ពួកគេបានចុះក្រោមវិញ ហើយឈ្មោះ មែន សម័យ បានចាក់សោទ្វារបន្ទប់ រួចក៏ចេញពីផ្ទះនោះទៅបាត់ ហើយខ្លួន ចាន់ រី បានទូរស័ព្ទប្រាប់ទៅសាច់ញាតិជនរងគ្រោះឲ្យដឹងថា អ្នកស្រី សុវឌ្ឍនា បានចង.កស្លាប់ហើយ ព្រមទាំងបានទូរស័ព្ទប្រាប់ឈ្មោះ មែន សម័យ ឲ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យដឹងហេតុការណ៍នេះ ដែលមានមនុស្សចង.កសម្លាប់ខ្លួននៅក្នុងផ្ទះនោះ។

ខាងលើនេះ ជាចម្លើយសារភាពរបស់ជនសង្ស័យដែលពាក់ព័ន្ធក្នុងហេតុការឃាតកម្មសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នៅក្នុងក្រុងដូនកែវ។

ឥឡូវនេះ ព្រះរាជអាជ្ញាអមតុលាការបានសម្រេចចោទប្រកាន់បើកការសើុបសួរលើលោក ឡាយ វណ្ណៈ និងបងប្រុសពីបទឃាតកម្ម ហើយបុរស២នាក់ទៀតត្រូវចោទពីបទលាក់កំបាំងតម្រុយ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទទៅឲ្យចៅក្រមចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post