
ភ្នំពេញៈ មន្ត្រីយោធាស័ក្ដិ៤មួយរូប បានឲ្យគូដណ្តឹងឈប់រថយន្តលើស្ពានជ្រោយចង្វារ ដើម្បីចុះទៅបត់ជើងតូច តែបែរជាលោតទឹកសម្លាប់ខ្លួនចោលគូដណ្តឹង ដែលជិតរៀបការ។ លុះព្រឹកឡើង ទើបប្រទះឃើញសាកសព។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោងជាង៩យប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ នៅលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីជាគូដណ្ដឹងមានឈ្មោះ ហែល រចនា អាយុ៣០ឆ្នាំ ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាគូដណ្ដឹងមានឈ្មោះ ដេង សុវណ្ណឌឿង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធា ឋានន្តរស័ក្តិវរសេនីយ៍ត្រី (ស័ក្ដិ៤) មានទៅលំនៅម្ដុំសន្ធរម៉ុក។

នារីជាគូដណ្ដឹង រៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុ នាង និងគូដណ្តឹង បានជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2105 ចេញពីហូបការគេនៅម្តុំព្រែកលាប។ នាងបន្តទៀតថា បន្ទាប់ពីហូបការរួចហើយ នាង និងគូដណ្តឹង បានបើកឡានចេញមកដោយនាងជាអ្នកបើក តែពេលបើកក៏មានទាស់ពាក្យសម្ដីគ្នាតិចតួចក្នុងរថយន្ត។

នាងបន្តថា លុះបើកមកដល់ចំណុចកើតហេតុ បុរសជាគូដណ្តឹងប្រាប់នាងថា “ឈប់ឡានលើស្ពានបន្តិច បងឈឺនោម” ឮបែបនោះ នារីជាគូដណ្តឹងបានឈប់រថយន្ត ហើយពេលឈប់ភ្លាម បុរសជាគូដណ្តឹងបានបើកទ្វាររត់ឡើងលើស្ពាន រួចលោតទឹកតែម្តង ធ្វើឲ្យនាងយំ និងខលទៅប្រាប់គ្រួសារថា គូដណ្តឹងបានលោតទឹកសម្លាប់ខ្លួនហើយ។ ភ្លាមៗនោះ ក្រុមគ្រួសារបានមកដល់ និងជួលទូកឲ្យជួយរក តែជាអកុសល គឺរកមិនឃើញទេ។
រហូតមកទល់នឹងម៉ោងជាង៦ព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ សាកសពបុរសជាគូដណ្ដឹងត្រូវបានរកឃើញ ហើយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕












