
ដំណើរកម្សាន្តម៉ូតូធំក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្រុមម៉ូតូធំជាច្រើនគ្រឿងរបស់ក្លឹបម៉ូតូ BMW បានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងធនធានធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈ៤ថ្ងៃគឺចាប់ពីថ្ងៃទី២៧-៣០ ខែមេសា ឆ្នាំ២០១៨។ ក្រុមអ្នកជិះម៉ូតូធំសរុប ៦៨ គ្រឿង ក្នុងនោះក្រុមម៉ូតូកម្ពុជា ២៦ គ្រឿង ក្រុមថៃមាន៤២គ្រឿង ដោយធ្វើដំណើរពីច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ការធ្វើទស្សនកិច្ចនេះដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ នៅតាមដងផ្លូវជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាត«តារារះនាទិសនិរតី» នៃខេត្តព្រះសីហនុ ហើយបានបន្តមកដល់តំបន់ការពារធម្មជាតិនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងខេត្តកំពត មុននឹងបន្តដំណើរទៅរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថាជាកម្ពុជាកំពុងទាក់ទាញការចាប់រម្មណ៍មកទស្សនាកម្សាន្តរបស់ភ្លៀវទេសចរជាតិ និងអន្តរជាតិតាមតំបន់ការពារធម្មជាតិ ដូចជានៅពេលនេះនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ដំណើរកម្សាន្តរបស់ទេសចរនៅតាមសហគមន៍តំបន់ការពារធម្មជាតិ រួមចំណែកសំខាន់ជួយដល់ចំណូលសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយចូលរួមសំខាន់បន្ថែមទៀតដល់ការការការពារ និងអភិរក្សធនធានធម្មជាតិ។
ដោយឡែក លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្រុមម៉ូតូធំក្លឹប BMW កម្ពុជា ( BMW Motorcycle Club ) បានឱ្យដឹងថា ការជិះម៉ូតូធំជាលក្ខណៈទេសចរណ៍ ទទួលបានការលើកទឹកចិត្តពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា។
លោកបញ្ជាក់ថា៖ នេះជាលើកទី១ ដែលក្រុមលោកបានធ្វើដំណើរកម្សាន្តនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្សេងទៀតដើម្បីស្វែងយល់ពីតំបន់លំហែកាយធម្មជាតិដ៏ប្រសិទ្ធ ល្បីល្បាញជាប្រវតិ្តសាស្រ្ត តាំងពីជំនាន់អាណានិគមបារាំងផងដែរ។
សូមបញ្ជាក់ថា ក្រុមម៉ូតូធំក្លឹប BMW កម្ពុជា-ថៃ ធ្វើដំណើរលំហែកម្សាន្តលើភ្នំបូកគោ នៅតាមតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ត រួមមានៈ ព្រៃឈើ ផ្កាព្រៃ រុក្ខជាតិ សត្វព្រៃ ទឹកធ្លាក់ ពពកវិល វាលស្រែ១០០ វាលស្រែ៥០០ តំបន់ទេសភាពកាស៊ីណូចាស់ ព្រះវិហារកាត់តូលិក វត្តសំពៅ៥ បឹងធម្មជាតិបូកគោ និងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយផងដែរ។


