Sponsor
រិទ្ធី

វត្តមណីរតនារាម ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលដំបូងទីនេះ ដាក់ឈ្មោះថា “ពុទ្ធសាសនមណ្ឌលមណីរត្ន” ក្រោយមកមានឈ្មោះថា “មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន” ដោយយល់ថា ដរាបណានៅជាបុថុជ្ជន យើងពិតជាមិនល្អគ្រប់ដប់ឡើយ ពិតជានៅមានកំហុសដោយចេតនា ឬអចេតនាណាមួយមិនខាន ដូច្នេះយើងនៅទីនេះ ត្រូវតែសិក្សាស្វែងយល់ជានិច្ច ទើបជីវិតមានជំហានឈានទៅរកការរីកចម្រើន។ នៅពេលដែលទីនេះបានរីកលូតលាស់សមល្មម ក្រសួងធម្មការនិងសាសនា ដែលកាលនោះ ឯកឧត្តម មិន ឃិន ជារដ្ឋមន្ត្រី បានស្នើឲ្យក្លាយជាវត្ត ចាប់ពីពេលនោះមក ទីនេះមានឈ្មោះថា “វត្តមណីរតនារាម” ប៉ុន្តែឈ្មោះ “មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន” ក៏មិនបោះបង់ដែរ។

សូមរៀបរាប់ខ្លះៗនូវរឿងដែលអ្នកដឹកនាំវត្តមណីរតនារាមមិនធ្វើតាំងពីកកើតវត្តនេះមកមានដូចជា៖
- គ្មានធុងបាស់ គ្មានតន្ត្រីដែលនាំឲ្យស្រើបស្រាល - គ្មានការលក់គ្រឿងស្រវឹង ឬល្បែងអបាយមុខពេលពិធីបុណ្យទាន - មិនធ្វើរោងអ្នកតា - គ្មានការបន់ស្រន់ខ្មោច អារក្ស ព្រាយ បិសាច - គ្មានការចងអំបោះ ស ក្រហម ឬ ពណ៌អ្វីផ្សេងទាំងអស់ - គ្មានមន្តអាគមន៍ អូមអាម - គ្មានយ័ន្តកថា - គ្មានពិធីលើករាសី - គ្មានពិធីក្រុងពាលី - គ្មានពិធីពូនភ្នំខ្សាច់ផ្តាច់កម្មពៀរ - គ្មានពិធីរំដោះគ្រោះ - គ្មានពិធីសូត្រព័ទ្ធសីមា ការពារចង្រៃ - គ្មានពិធីឆាកមហាបង្សុកូលទាញក្រមានាំចង្រៃចេញពីមនុស្ស - គ្មានការបោះបាយបិណ្ឌ - គ្មានការស្រោចទឹក សូម្បីសូត្រមន្តក៏មិនរលាស់ទឹកឬបាចផ្កាចម្រើនសិរីសួស្តីអ្វីឡើយ - គ្មានកំប៉ុងជើងធូបនៅខាងមុខព្រះពុទ្ធបដិមា - គ្មានការដើររៃអង្គាសលុយកាក់យកមកកសាងវត្តយើងគ្រាន់តែបើកឱកាសឲ្យពុទ្ធបរិស័ទចូលមកបំពេញកុសលតាមការយល់ដឹង។ វត្តមណីរតនារាម ក្លាយពីវត្តដែលគេធ្លាប់តែឌឺដងឲ្យ មកជាវត្តដែលមន្ត្រីសង្ឃក្នុងខេត្តតែងលើកឡើងជាវត្តគំរូ។

ភិក្ខុវជិរប្បញ្ញោ សាន​ សុជា មានថេរដីកាថា៖ និយាយរួម យើងព្យាយាមមិនធ្វើនូវអ្វីដែលផ្ទុយទៅនឹងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានយល់ច្បាស់ហើយ។ ចំណែករឿងដែលយើងព្យាយាមធ្វើជាប្រចាំនោះ មិនច្រើនប៉ុន្មានទេ គឺមានតែនាំគ្នាសិក្សានូវព្រះពុទ្ធវចនៈ និងគោរពប្រតិបត្តិតាមសមគួរដែលយើងអាចធ្វើបាន ហើយផ្សព្វផ្សាយធម្មទានតែប៉ុណ្ណោះ រីឯការកសាងសមិទ្ធិផល មិនមែនជាគោលដៅធំឡើយ រីកចម្រើនតិចឬច្រើន តាមដំណើរ មិនបង្ខំទេ។
យោងតាមហ្វេសប៊ុក ភិក្ខុវជិរប្បញ្ញោ សាន​ សុជា បានសរសេរថា៖ ជិត២០ឆ្នាំមុន នៅពេលដែលខ្ញុំផ្តើមយល់ច្បាស់នូវព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែង ខ្ញុំសែនសប្បាយចិត្តណាស់ ហើយមានបំណងចែករំលែកដល់អ្នកនៅជុំវិញខ្លួន ប៉ុន្តែព្រមគ្នានោះដែរ ភាពតានតឹងក្នុងចិត្តក៏កើតមានឡើង ដោយខ្ញុំបានដឹងថាសច្ចធម៌ ពិតជាលំបាកនិយាយឲ្យគេយល់ណាស់ រាល់ពេលនិយាយ ខ្ញុំតែងត្រូវគេស្តីឲ្យ ថាឈ្វេងតែឯង។ ឮដូច្នោះ ខ្ញុំមិនបានឈ្លោះតតាំងជាមួយនរណាឡើយ ប៉ុន្តែបានសន្សំចិត្តទុកថា ប្រសិនបើនរណាម្នាក់ស្ម័គ្រចិត្តបរិច្ចាគដីមួយកន្លែង អាត្មាអញនឹងកសាងមណ្ឌលសិក្សាមួយ ដែលអាចបញ្ចេញគំនិតខ្លួនឯងបាន ហើយនឹងទទួលយកតែភិក្ខុសាមណេរណាដែលជ្រះថ្លាចូលមកសិក្សាព្រះពុទ្ធវចនៈ និងគោរពប្រតិបត្តិដូចគ្នា ក្នុងមាគ៌ានៃព្រះសម្មាសម្ពុទ្ធតែមួយ។

យើងរស់នៅជាមួយគ្នា ក្នុងនាមជាបងប្អូន គ្មានការប្រកាន់បក្សពួក ដោយរៀនជាមួយគ្នា ប្រតិបត្តិព្រមគ្នា ធ្វើការងាររួមគ្នា ព្រមព្រៀងស្លៀកដណ្តប់ចីវរពណ៌តែមួយ ចេះចែករំលែកលាភដែលបានមក និងជួយសង្រ្គោះគ្នាពេលដែលមានអាពាធជាដើម ព្រោះហេតុដូច្នោះហើយ យើងមិនដែលមានជម្លោះក្នុងរឿងលាភសក្ការៈ មុខមាត់ តួនាទីជាដើមឡើយ។ យើងធ្លាប់និយាយប្រាប់គ្នាជារឿយៗថា យើងជាអ្នកបួស ប្រសិនបើរកសេចក្តីសុខស្ងប់ក្នុងចិត្តពិតប្រាកដមិនបានផង តើនឹងទេសនាឲ្យបរិស័ទបាននូវសេចក្តីសុខដូចម្តេចទៅ? យើងតាំងចិត្តថា យើងកែគេមិនបាន យើងត្រូវតែកែខ្លួនយើងមុន។
ភិក្ខុវជិរប្បញ្ញោ សាន​ សុជា សង្ឃឹមថា ស្មារតីរបស់វត្តមណីរតនារាម អាចរស់រានមានជីវិតអស់កាលជាអង្វែងតទៅទៀត ដោយការខិតខំប្រឹងប្រែង និងភក្តីភាពរបស់លោកប្អូនគ្រប់អង្គ និងអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor