
តាមការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការ Miss Global International ប្រចាំនៅកម្ពុជាទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតនេះ ដែលរៀបចំ ជាលើកដំបូងនៅកម្ពុជានោះ កំពុងលេចចេញនូវរឿងរ៉ាវចម្រូងចម្រាស ពិសេសទាក់ទងនឹងអំពើពុករលួយ ដែលបង្កឡើងដោយមានការកេងប្រវ័ញ្ចលុយកម្មវិធីយ៉ាងហោច២០ម៉ឺនដុល្លារអាមេរិក រួមទាំងមានការផ្ដល់ពិន្ទុដោយមិនយុត្តិធម៌ ។
បវរកញ្ញា តំណាងប្រទេសប្រេស៊ីល ដែលបានមកប្រកួតនៅកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ហើយទទួលបានតំណែង Miss Global International 2017 ស្ថិតក្រោមការរៀបចំរបស់ហង្សមាសនោះ ត្រូវបានគណៈកម្មការអន្តរជាតិគ្រោងនឹងដក ម្កុដយកវិញហើយ បន្ទាប់ពីរកឃើញថា ការប្រកួតមួយនេះ មានភាពមិនប្រក្រតី និងជាពិសេសគឺមានការកេងប្រវ័ញ្ចលុយកម្មវិធីយ៉ាងហោច២០ម៉ឺនដុល្លារ និងមានការផ្ដល់ពិន្ទុដោយមិនយុត្តិធម៌ ។

តាមរយៈបណ្ដឹងទាំងស្រុងកំពុងស្ថិតក្នុងដៃតុលាការអាមេរិក ដែលលោក អឿន រតន: ដែលជាអ្នកជាប់ចោទរឿងកេងប្រវ័ញ្ចលុយកម្មវិធី ក៏ត្រូវប្រឈមផ្លូវច្បាប់ផងដែរ ។

ជាមួយគ្នានេះដែរ បវរកញ្ញាប្រេស៊ីល ដែលគ្រងតំណែងនោះ ក៏ត្រូវបានគណៈកម្មការអន្តរជាតិមិនអនុញ្ញាតឲ្យធ្វើសកម្មភាពណាមួយ ក្រោយការរកឃើញនូវភាពមិនប្រក្រតីផងដែរ ជាមួយនឹងការប្រឈមដកតំណែងផងដែរ ៕
លោកឌី ពេជ្រ បញ្ជាក់ថាលោកអឿនរតនៈ ក៏បានប្រើសិទ្ធិជាអ្នករៀបចំប្រចាំនៅកម្ពុជាដាក់គណៈកម្មការជាខ្សែរយ:មួយចំនួនបណ្ដាលឲ្យពិន្ទុ ដែលត្រូវប្រកាសឡើងមានភាពមិនប្រក្រតី ។


