
ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាម្ចាស់ទីតាំងបើកបម្រើផ្លូវភេទ (ផ្ទះបន) ដើម្បីចាត់ការតាមច្បាប់។ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានចុះឆែកឆេរ និងបិទទីតាំងផ្ទះបនមួយកន្លែង ស្ថិតនៅផ្ទះលេខ៧២E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់។
ក្នុងប្រតិបត្តិការបង្ក្រាបផ្ទះបនខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ទី១/ ស្ត្រីម្ចាស់ទីតាំង អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម, ទី២/ឈ្មោះ ង្វៀង មែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងទី៣/ឈ្មោះ ង្វៀង ធូវេ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម។ រីឯជនរងគ្រោះឈ្មោះ ង្វៀង ត្រាវ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀត ឈ្មោះ ង្វៀង ធីលីង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏រឹបអូសបានវត្ថុតាងមួយចំនួន រួមមាន ក្នុងបន្ទប់លេខ១ ស្រោមមិនទាន់ប្រើចំនួន១២, បន្ទប់លេខ២ ស្រោមមិនទាន់ប្រើចំនួន១ និងប្រើរួចចំនួន១, បន្ទប់លេខ៣ ស្រោមមិនទាន់ប្រើចំនួន២, ក្នុងផ្ទះបាយ មានស្រោមប្រើរួចចំនួន២, បន្ទប់ផ្ទាល់ដី មានសៀវភៅកត់ត្រា៤ក្បាល ស្រោមមួយចំនួនធំ និងឧបករណ៍ប្រើប្រាស់ចំនួន២ផងដែរ។

បច្ចុប្បន្ន ទាំងជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ៕





